ក្ដៅដូចបាយពុះ! Cristiano ឈានដល់កិច្ចព្រមព្រៀមស្ទើរតែ ១០០% ជាមួយក្លិបអាស៊ីមួយនេះហើយ

85699
  • Cristiano Ronaldo បានយល់ព្រមលើកិច្ចសន្យាជាមួយក្លិបអាស៊ី Al-Nassr នៅប្រទេសអារ៉ាប៊ីសាអូឌីត ជាមួយតម្លៃធំបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ហើយ នេះបើយោងតាមការសែត Marca ។
    ប្រភពកំពូលរបស់អេស្ប៉ាញខាងលើបាននិយាយថា Ronaldo ជិតនឹងចុះកិច្ចព្រមព្រៀងជាមួយក្រុមនៅក្របខណ្ឌ Saudi Pro League ជាមួយសុពលភាពរហូតដល់រដូវក្តៅឆ្នាំ ២០២៥។ តារាអន្តរជាតិព័រទុយហ្គាល់រូបនេះ នឹងទទួលបាន ២០០ លានអឺរ៉ូក្នុងមួយរដូវកាល ជាមួយនឹងតម្លៃសរុបនៃកិច្ចព្រមព្រៀងអាចឈានដល់ ៥០០ លានអឺរ៉ូ (ជិត ៥២០លានដុល្លារ)។ Ronaldo បច្ចុប្បន្នជាភ្នាក់ងារឥតគិតថ្លៃ បន្ទាប់ពីត្រូវបានក្លឹប Manchester United ផ្ដាច់កុងត្រា បន្ទាប់ពីមានការផ្ទុះឡើងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកការសែតលោក Piers Morgan នៅលើទូរទស្សន៍ Talk TV ដែលគាត់បានអះអាងថាក្លឹបបានក្ប.ត់គាត់ ហើយ Ronaldo ថាលោកគ្មានការគោរពចំពោះអ្នកចាត់ការលោក Erik ten Hag នោះឡើយ។
    បទសម្ភាសន៍ដ៏ចម្រូងចម្រាសនេះ បានកើតឡើងបន្ទាប់ពីខ្សែប្រយុទ្ធជើងចាស់ខាងលើ ស៊ុតបាល់បញ្ចូលទីបានត្រឹមតែ ៣គ្រាប់ប៉ុណ្ណោះ ដោយភាពច្រើន Ronaldo អង្គុយនៅកៅអីបម្រុងនៅលើទឹកដី Old Trafford ។ ជាការពិតណាស់ Ronaldo បានជំរុញឱ្យមានការផ្ទេរជាខ្លាំងកាលពីរដូវក្តៅមុន ប៉ុន្តែគ្មានក្លិបណាដែលប្រកួតប្រជែងក្នុងកម្រិតខ្ពស់ចង់បានរូបគេនោះទេ ទើបពេលនោះ Ronaldo បានបដិសេធការផ្ដល់ជូនដ៏ធំពីអារ៉ាប៊ីសាអូឌីត ដោយសម្រេចបន្តស្នាក់នៅ Man Utd បន្តទៀត។
    កីឡាករវ័យ ៣៧ ឆ្នាំរូបនេះដែលធ្លាប់លេងឱ្យក្លិបដូចជា Sporting CP, Real Madrid និង Juventus នៅតែគ្មានក្លឹបល្បីៗនៅអឺរ៉ុបចង់បានខ្សែប្រយុទ្ធរូបនេះ ស្របពេល Ronaldo នៅតែចង់លេងនៅអឺរ៉ុប ប៉ុន្តែការផ្តល់ជូនដ៏ធំសម្បើមពុំធ្លាប់មាននៅក្នុងពិភពបាល់ទាត់ ពីសំណាក់ក្លិបអាស៊ី Al-Nassr កំពុងឈានដល់ការចុះហត្ថលេខាលើម្ចាស់ពាន Ballon D’or ៥សម័យខាងលើហើយ។
    ស្រដៀងគ្នានេះដែរ CR7 ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅអាមេរិក ប៉ុន្តែក្លឹបនៃក្របខណ្ឌ MLS ដូចជា Inter Miami មិនអាចនាំយកតារារូបនេះបានទេ។ ការសែត Marca ក៏បានអះអាងថា កិច្ចព្រមព្រៀងក្នុងការមកលេងនៅទ្វីបអាស៊ីនេះ ស្ទើរតែបានបញ្ចប់ទាំងស្រុងទៅហើយ ដោយនៅសល់តែកិច្ចការតូចៗប៉ុណ្ណោះ មុនពេល Ronaldo ត្រូវបានប្រកាសជាកីឡាកររបស់ក្លិប Al-Nassr ជាផ្លូវការ ក្រោយចប់ World Cup៕ ដោយ៖ វិទូ

    ប្រភព :
    footballtransfers
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី