
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar អាចប្រឈមនឹងការសម្រាកព្យាបាលរបួសរយៈពេលវែង បន្ទាប់ពីគាត់ត្រូវទទួលរងការប៉ះទង្គិចរហូតដល់ស្រក់ទឹកភ្នែក នៅអំឡុងការប្រកួតរបស់ PSG នៅ Ligue 1 ជាមួយ Marseille ដោយទទួលជ័យជម្នះក្នុងលទ្ធផល ៣-០កាលពីថ្ងៃអាទិត្យនេះ។
Marseille និង PSG បានបញ្ឈប់ការប្រកួតមួយរយៈខ្លី ក្រោយពីខ្សែប្រយុទ្ធរូបនេះត្រូវបានគេសែងចេញពីទីលាននៅចុងតង់ទីពីរ បន្ទាប់ពីមានការប៉ះទង្គិចត្រង់កជើងយ៉ាងធ្ងន់ធ្ងរ។ កជើងរបស់កីឡាករប្រេស៊ីលបានក្រឡាច់ ខណៈពេលដែលរូបគាត់រត់ទៅដណ្តើមបាល់ មុនពេលដួលទាំងការឈឺចាប់។ ការរងរបួសនេះបានកើតឡើងចំពេលសំខាន់នៃការដណ្តើមជើងឯកនៅបារាំង ហើយប្រសិនបើវាមានសភាពធ្ងន់ធ្ងរ នោះវាអាចនឹងធ្វើឲ្យក្តីសង្ឃឹមក្នុងការប្រកួត World Cup របស់ប្រេស៊ីលបាត់បង់។
PSG ត្រូវជួប Real Madrid ក្នុងការប្រកួតជើងទីពីរនៅក្របខណ្ឌ Champions League ក្នុងរយៈពេលមិនដល់ ១០ ថ្ងៃទៀតទេ ក្រោយពីបរាជ័យក្នុងជើងទីមួយនៅប្រទេសអេស្ប៉ាញក្នុងលទ្ធផល ៣-១ រួចហើយនោះ ហើយនៅពេលនេះពួកគេអាចប្រឈមនឹងការលេងដោយគ្មានតារាឆ្នើមបំផុតរបស់ពួកគេ។
ទន្ទឹមនឹងនេះដែរ ប្រេស៊ីលនឹងត្រូវធ្វើការប្រកួតលក្ខណៈមិត្តភាពចំនួនពីរប្រកួតជាមួយនឹងរុស្ស៊ី និងអាល្លឺម៉ង់នៅចុងខែមីនានេះ នៅមុនការប្រកួត World Cup ចាប់ផ្តើមនៅខែមិថុនាខាងមុខ។
នៅមិនទាន់ច្បាស់នៅឡើយទេថារបួសរបស់កីឡាករលេខ ១០ មានសភាពធ្ងន់ធ្ងរ ប៉ុន្តែផ្អែកលើប្រតិកម្មរបស់ Neymar ជាមួយនឹងស្នាមរបួសកជើងរបស់គាត់ កីឡាករវ័យ ២៥ ឆ្នាំរូបនេះអាចប្រឈមនឹងការសម្រាកព្យាបាលរយៈពេលយូរ។
Neymar ស៊ុតបញ្ចូលទីបាន ២៩ គ្រាប់ក្នុង ៣០ ប្រកួតចាប់តាំងពីផ្ទេរក្នុងតម្លៃខ្លួនដ៏ថ្លៃបំផុតពី Barcelona នៅរដូវក្តៅ។
ដោយ៖ តារា