
ការសែត The Mirror អះអាងថា Real Madrid ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Bruno Fernandes ក្នុងខែមករានេះ។
កីឡាករជាច្រើននឹងមានការផ្លាស់ប្តូរក្លិបលេង បន្ទាប់ពីការប្រកួតព្រឹត្តិការណ៍ World Cup ២០២២ ក្នុងប្រទេសកាតា។ ហើយជាមួយនឹងទម្រង់លេងដ៏លេចធ្លោរបស់តារាព័រទុយហ្គាល់ Fernandes ចាប់តាំងពីការផ្ទេរពី Sporting Lisbon ទៅកាន់ក្លិប Manchester United បានធ្វើឱ្យក្លិបធំៗជាច្រើនចាប់អារម្មណ៍ខ្សែបម្រើរូបនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ខ្សែបម្រើវ័យ ២៨ ឆ្នាំរូបនេះមិនត្រូវបានគេរំពឹងថានឹងមានការផ្លាស់ប្ដូរនោះទេ បន្ទាប់ពីបានចុះកិច្ចសន្យាថ្មីកាលពីខែមេសាជាមួយក្រុមបីសាចក្រហម។ Fernandes មានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ Man United ហើយក៏ទទួលបានទំនុកចិត្តខ្លាំងពីគ្រូបង្វឹកលោក Erik ten Hag ផងដែរ។
ជាមួយនឹងកិច្ចសន្យាដែលមានសុពលភាពរហូតដល់ឆ្នាំ ២០២៦ ត្រូវគេមើលឃើញថា Bruno Fernandes នឹងរីករាយមួយឆ្នាំ ឬពីរឆ្នាំទៀតជាមួយក្លិប Manchester United។ Bruno បច្ចុប្បន្នកំពុងធ្វើបានយ៉ាងល្អមែនទែនជាមួយព័រទុយហ្គាល់ នៅព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ FIFA World Cup 2022៕
ដោយ៖ វិទូ