
ក្រុមអាស៊ីយើងមួយទៀតហើយបានបង្កើតភាពអស្ចារ្យជាខ្លាំង នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ FIFA World Cup ២០២២ នៅប្រទេសកាតានេះ។
ការប្រកួត World Cup ឆ្នាំនេះពិតជាមានរឿងគួរឱ្យភ្ញាក់ផ្អើលជាច្រើន ខណៈក្រុមមកពីទ្វីបអាស៊ីដែលជាតំបន់មានបាល់ទាត់មិនសូវខ្លាំង ប៉ុន្តែបានដឹកនាំដៃគ្នាឡើងទៅកាន់វគ្គខ្វែង ១៦ក្រុមចុងក្រោយរហូតដល់ទៅ ៣ក្រុមឯណោះ ខណៈ ៣ក្រុមទៀតបានហាលអាវត្រឡប់ទៅផ្ទះវិញ។
យប់មិញនេះអ្នកគាំទ្រពេញមួយពិភពលោកគិតថា កូរ៉េខាងត្បូងនឹងត្រូវជិះយន្តហោះត្រឡប់ទៅផ្ទះវិញជាមួយក្រុមអាហ្វ្រិកហ្គាណា បាត់ទៅហើយ ក្រោយបានត្រឹមស្មើរព័រទុយហ្គាល់ ១-១ ស្របពេលក្រុមអ៊ុយរ៉ូហ្គាយ កំពុងនាំមុខហ្គាណា ២-០។ ប៉ុន្តែតាមទ្រឹស្ដីបាល់ទាត់អ្វីក៏អាចកើតឡើងបានដែរ ដោយនៅម៉ោងបន្ថែមក្រុមកូរ៉េខាងត្បូង បានបង្កើតកំណត់ត្រារបស់ខ្លួន ដោយអាចយកឈ្នះទៅលើក្រុមកំពូលតារាព័រទុយហ្គាល់ ស្ទើរមិនគួរឱ្យជឿក្នុងលទ្ធផល ២-១។
ជាមួយលទ្ធផលនេះ បើទោះបីជាអ៊ុយរ៉ូហ្គាយ ឈ្នះទៅលើហ្គាណា រហូតដល់ ២គ្រាប់ និងស្មើពិន្ទុគ្នាយ៉ាងណាក៏ដោយ ប៉ុន្តែកូរ៉េខាងត្បូង ចំណេញគ្រាប់បាល់ជាង ទើបធ្វើឱ្យព័រទុយហ្គាល់ ជួយសណ្ដោងកូរ៉េ ឡើងទៅកាន់វគ្គបន្តទៀត ខណៈក្រុមរបស់ Cristiano Ronaldo នឹងត្រូវជួបជាមួយក្រុមខ្លាំងស្វីស រីឯកូរ៉េរបស់ Son Heung-min ត្រូវធ្វើការធ្ងន់ជាមួយក្រុមមាន Ranking លេខ១ លើលោកស៊ាំបាប្រេស៊ីល នៅវគ្គចាញ់ធ្លាក់។
គួរជម្រាបជូនថា វគ្គ ១៦ក្រុមចុងក្រោយ ក្រុមដែលប៉ះគ្នាមានដូចជា ហូឡង់ ប្រកួតជាមួយសហរដ្ឋអាមេរិក, អាហ្សង់ទីន ជួបអូស្ត្រាលី, ជប៉ុន ប៉ះក្រូអាត, ប្រេស៊ីល ប្រកួតជាមួយកូរ៉េខាងត្បូង, អង់គ្លេស ជួប សេណេហ្កាល់, បារាំង ប៉ះប៉ូឡូញ, ម៉ារ៉ុក ជួប អេស្ប៉ាញ និង ព័រទុយហ្គាល់ ត្រូវប្រកួតជាមួយស្វីស។ ក្នុងនាមជាជនជាតិអាស៊ីដូចគ្នា សូមជូនពរឱ្យក្រុមអាស៊ីយើងទទួលបានជោគជ័យ នៅព្រឹត្តិការណ៍ World Cup 2022 នេះ៕
ដោយ៖ តារា