
Cristiano Ronaldo កំពុងដាក់ពាក្យដណ្ដឹងទាមទារប្រាក់ពីអតីតក្លិបសេះបង្កង់ Juventus ក្រោយចាកចេញអស់រយៈពេល ២ឆ្នាំមកហើយ។
យោងតាម ‘La Gazzetta dello Sport’ កីឡាករ Cristiano Ronaldo បានទាមទារប្រាក់ ១៩.៩ លានអឺរ៉ូ (២១ លានដុល្លារ) ពី Juventus ដែលជាចំនួនទឹកប្រាក់ដែលបានព្រមព្រៀងដោយភាគីទាំងពីរ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។ ក្លឹបបាននិយាយថាពួកគេបានបង់ប្រាក់ឱ្យគាត់រួចហើយ ប៉ុន្តែកីឡាករព័រទុយហ្គាល់ថាមិនបានទទួលប្រាក់នោះទេ។
បន្ទាប់ពីមានព័ត៌មានអំពីការចាកចេញរបស់ Cristiano ពីក្រុមបីសាចក្រហម Man United ដ៏ចម្រូងចម្រាស មួយក្នុងចំណោមក្លិបដែលផ្សាភ្ជាប់ពាក្យចចាមអារ៉ាម ជាមួយខ្សែប្រយុទ្ធធ្លាក់ជើងរូបនេះ គឺក្លិបនៅអាស៊ី Al-Nassr ដែលម្ចាស់ក្លិបគឺជារាជទាយាទនៃប្រទេសអារ៉ាប៊ីសាអូឌីត ដែលមិនខ្វះលុយសម្រាប់ម្ចាស់ពាន Ballon D’or ៥សម័យកាលរូបនេះ។
ទន្ទឹមនឹងនេះដែរ កីឡាករម្ចាស់អាវលេខ៧ ដែលបច្ចុប្បន្នកំពុងលេងនៅ World Cup នៅប្រទេសកាតា ជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ បានឱ្យមេធាវីរបស់គាត់ដាក់ពាក្យបណ្ដឹងទៅកាន់ក្រុម Juventus នេះបើយោងតាមរាយការណ៍សារព័តមាន ‘La Gazzetta dello Sport’ ។
ប្រព័ន្ធផ្សព្វផ្សាយខាងលើបានរាយការណ៍ថា កីឡាករព័រទុយហ្គាល់បានទាមទារប្រាក់ ១៩.៩ លានអឺរ៉ូ ដែលជាចំនួនដែលភាគីទាំងពីរបានព្រមព្រៀងគ្នា ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ប៉ុន្តែអតីតកីឡាករក្លិប Real Madrid ខាងលើមិនទាន់ទទួលបាននៅឡើយនោះទេ។ ម្យ៉ាងវិញទៀត Juventus បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេបានបង់ប្រាក់ឱ្យ Cristiano ដើម្បីបំពេញតាមកិច្ចព្រមព្រៀងរួចរាល់ហើយ ខណៈរឿងដ៏រញ៉េរញ៉ៃនេះកំពុងស្ថិតលើការស៊ើបអង្កេត៕
ដោយ៖ វិទូ