ចាស់ហើយ! អ្នកគាំទ្ររហូតដល់ ៧០% បោះឆ្នោតឱ្យ Ronaldo អង្គុយកៅអីបម្រុងទល់នឹងស្វីស

40966
  • ការស្ទង់មតិមួយរបស់កាសែតព័រទុយហ្គាល់ A Bola បានសួរថាតើ Cristiano Ronaldo គួរតែចាប់ផ្តើមក្នុងជម្រើសដំបូង សម្រាប់ការប្រកួតតទល់ជាមួយនឹងស្វីសដែរឬទេ?
    អ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺ ចំនួនរហូតដល់ទៅ ៧០ ភាគរយនៃអ្នកគាំទ្របានបោះឆ្នោតថា ពួកគេចង់ឱ្យខ្សែប្រយុទ្ធវ័យចំណាស់ និងជាប្រធានក្រុមព័រទុយហ្គាល់ Ronaldo គួរតែត្រូវទម្លាក់ចេញពីកៅអីជម្រើសដំបូងរបស់ក្រុមជម្រើសជាតិ ខណៈមានតែ ៣០ ភាគរយប៉ុណ្ណោះចង់ឃើញអតីតកីឡាករបីសាចក្រហម Manchester United គួរតែបន្តលេងក្នុងជម្រើសដំបូងសម្រាប់ជម្រើសជាតិព័រទុយហ្គាល់។
    អតីតកីឡាករ Real Madrid និង Juventus ខ្សែប្រយុទ្ធ Cristiano Ronaldo បានតស៊ូក្នុងការធ្វើឱ្យមានឥទ្ធិពលយ៉ាងខ្លាំង នៅក្នុងព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ FIFA World Cup ២០២២ នេះ។ Ronaldo បានស៊ុតបាល់បញ្ចូលទីបានត្រឹមតែ ១គ្រាប់ប៉ុណ្ណោះក្នុងការប្រកួតបើកឆាកទល់នឹងហ្គាណា ហើយរាប់ចាប់តាំងពីពេលនោះមក កីឡាករវ័យ ៣៧ឆ្នាំខាងលើមិនអាចរកគ្រាប់បានទៀតនោះទេ ហើយការបង្ហាញខ្លួនទាំង ៣ប្រកួតរបស់គាត់ក៏ធ្វើមិនសូវបានល្អផងដែរ។
    តាមពិតទៅ Ronaldo ក៏ប៊ិសនឹងរកបានមួយគ្រាប់ទៀតទៅហើយ នៅពានរង្វាន់ World Cup ២០២២នេះ ប៉ុន្តែគ្រាប់បាល់ក្នុងជំនួបជាមួយអ៊ុយរ៉ូហ្គាយ ដែលមិត្តរួមជាតិកីឡាករ Bruno Fernandes បានលើកបញ្ជូនឱ្យគាត់ ហើយ Ronaldo ក៏បានហក់តែតប៉ះចុងសក់បន្តិច មិនត្រូវបានប្រគល់ជូនប្រធានក្រុមព័រទុយហ្គាល់រូបនេះនោះទេ ដោយ FIFA បានសម្រេចផ្ដល់គ្រាប់នេះទៅឱ្យ Bruno Fernandes ជំនួសវិញ។
    សូមជម្រាបជូនថា ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup 2022 រវាងក្រុមជម្រើសជាតិព័រទុយហ្គាល់ ជាមួយនឹងក្រុមជម្រើសជាតិស្វីស នឹងត្រូវធ្វើឡើងនៅថ្ងៃទី៧ ខែធ្នូនេះ វេលាម៉ោង ២៖០០នាទីរំលងអធ្រាត្រ ខណៈជំនួបនេះធ្វើតែមួយលើកប៉ុណ្ណោះពោលគឺចាញ់ធ្លាក់ហើយ រីឯអ្នកឈ្នះនឹងត្រូវឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី