មហាសេដ្ឋីអារ៉ាប៊ីសាអូឌីត អាចបោះបង់ Newcastle ចោលដើម្បីទិញយក Man Utd វិញ

28053
  • អ្នកជំនាញម្នាក់បានអះអាងថា មូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត (PIF) ដែលជាម្ចាស់ក្លិប Newcastle អាចបោះចោលក្លឹបសារីកាព្រៃដើម្បីទិញយកក្លិប Manchester United ជំនួសវិញ។
    កាលពីខែមុន ម្ចាស់ក្លឹប Man Utd ក្រុមគ្រួសារ Glazers បានធ្វើឱ្យពិភពបាល់ទាត់ភ្ញាក់ផ្អើលជាខ្លាំង ដោយប្រកាសថាក្លឹប Old Trafford នឹងត្រូវបានលក់។ ដោយមានការជួយពីក្រុមហ៊ុនដេញថ្លៃ Rain Group ម្ចាស់ក្លិបដ៏រងការរិះគន់នេះបានប្រកាសថា ពួកគេកំពុងស្វែងរកការវិនិយោគថ្មីនៅក្នុងក្លឹបនេះ ក្នុងទម្រង់នៃការលក់ទាំងស្រុង ឬទិញភាគហ៊ុនភាគជាផ្នែកកម្រិតណាមួយ។ ចាប់តាំងពីពេលនោះមក មានមហាសដ្ឋីជាច្រើន ដូចជាក្រុមអ្នកវិនិយោគនៅសហរដ្ឋអាមេរិក និងមហាសេដ្ឋី Sir Jim Ratcliffe ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ក៏បង្ហាញចំណាប់អារម្មណ៍លើក្លិបដ៏ល្បីល្បាញមួយនេះផងដែរ។
    ទោះជាយ៉ាងណាក៏ដោយ ការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់បំផុត គឺមកពីប្រទេសអារ៉ាប៊ីសាអូឌីត ដោយរដ្ឋមន្ត្រីកីឡារបស់ប្រទេសនេះព្រះអង្គម្ចាស់ Abdulaziz bin Turki Al-Faisal បាននិយាយថា អ្នកមានឥទ្ធិពលជាច្រើននៅអារ៉ាប៊ីសាអូឌីតចង់ទិញយកទាំងក្លិប Man Utd និង Liverpool ។ ទោះបីជាបច្ចុប្បន្ន PIF កាន់កាប់ភាគហ៊ុន ៨០ ភាគរយនៅ Newcastle ក៏ដោយ ព្រះអង្គម្ចាស់ Abdulaziz ហាក់ដូចជាបានផ្តល់ភ្លើងខៀវសម្រាប់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីវិនិយោគទៅលើក្លិប Man Utd និង Liverpool ដែលកំពុងដាក់លក់នៅលើទីផ្សារ។
    កាលពីឆ្នាំមុន សម្ព័ន្ធដែលដឹកនាំដោយ PIF បានបញ្ចប់ការទិញយក Newcastle ក្នុងតម្លៃ ៣០៥លានផោន។ ចាប់តាំងពីពេលនោះមក ក្រុមសារីកាព្រៃបានរីកចម្រើនយ៉ាងខ្លាំងសម្រាប់ទម្រង់លេងរបស់ពួកគេ ហើយបច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ ៣ ក្នុងក្របខ័ណ្ឌ Premier League ដោយចាញ់តែមួយប្រកួតប៉ុណ្ណោះក្នុងចំណោម ១៥ ប្រកួតដំបូងរបស់ពួកគេនៅរដូវកាលនេះ។
    ជាការពិតណាស់នៅឆ្នាំ ២០១៩ អារ៉ាប៊ីសាអូឌីត ក៏ចង់ទិញក្រុមបិសាចក្រហមម្ដងរួចទៅហើយ។ ហើយវាទំនងជា PIF នឹងចាប់អារម្មណ៍ម្តងទៀតលើក្លឹបយក្សនៅ Premier League បើទោះបីជាពួកនឹងត្រូវលក់ក្លិប Newcastle ចេញវិញក៏ដោយ ព្រោះក្លិបពីរក្នុងលីគរួមគ្នា មិនអាចមានម្ចាស់តែមួយក្នុងពេលដំណាលគ្នានោះទេ៕ ដោយ៖ តារា

    ប្រភព :
    Sportbible
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី