R.Madrid ត្រូវប្រជែងជាមួយ Man Utd ដើម្បីចុះហត្ថលេខាលើខ្សែការពារកូរ៉េ Kim Min-Jae

23798
  • យោងតាម Defensa Central បានឱ្យដឹងថា Real Madrid បានចូលរួមជាមួយ Manchester United ក្នុងការប្រជែងដើម្បីចុះហត្ថលេខាលើខ្សែការពារ Kim Min-Jae របស់ក្លិប Napoli ។
    ក្លិបជើងឯកអឺរ៉ុប ១៤ សម័យកាល Real Madrid គ្រោងនឹងកែលម្អតំបន់ការពារកណ្តាលរបស់ពួកគេនៅរដូវក្តៅឆ្នាំ ២០២៣។ Nacho Hernandez ទំនងជានឹងចាកចេញនៅពេលដែលកិច្ចសន្យារបស់គាត់ ផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយកីឡាករកូរ៉េខាងត្បូង Kim Min-Jae បានលេចឡើងជាបេក្ខភាពសំខាន់ម្នាក់ សម្រាប់ការមកជំនួសកីឡាករអេស្ប៉ាញខាងលើ។
    ខ្សែការពារកណ្តាលអន្តរជាតិកូរ៉េខាងត្បូង បានចុះហត្ថលេខាជាមួយក្លិបយក្សអ៊ីតាលី Napoli ពីក្លិបទួកគី Fenerbahce ក្នុងតម្លៃ ១៨ លានអឺរ៉ូកាលពីរដូវក្តៅមុន ជាការជំនួសកន្លែងសម្រាប់ Kalidou Koulibaly ដែលបានចាកចេញបន្ទាប់ពីរយៈពេល ៨ ឆ្នាំជាមួយក្របខណ្ឌ Serie A ដើម្បីចូលរួមជាមួយក្រុមអង់គ្លេសតោខៀវ Chelsea ។
    Kim Min-Jae ជាអ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងជួយ Napoli ឈរនៅលើកំពូលតារាងលីគកំពូលអ៊ីតាលីរហូតមកដល់ពេលនេះ ដោយមិនទាន់ស្គាល់ពាក្យបរាជ័យនៅឡើយទេក្នុងរដូវកាលនេះ។ Real Madrid ចាប់អារម្មណ៍ជាពិសេសលើ Kim ដោយសារតែគាត់មានលក្ខខណ្ឌតម្លៃផ្ទេរ និងប្រាក់ខែសមរម្យងាយស្រួលក្នុងការចុះហត្ថលេខាជាមួយ។
    ក្រៅពីក្លិប Real Madrid ក៏មានក្លិបបីសាចក្រហម Manchester United ចង់បានខ្សែការពារអាស៊ីរូបនេះផងដែរ។ Kim Min-Jae គឺជាកីឡាករឆ្នើមម្នាក់ទាំងនៅកម្រិតក្លិប និងជម្រើសជាតិ ហើយខ្សែការពារវ័យ ២៦ឆ្នាំខាងលើ ក៏បានដើរតួយ៉ាងសំខាន់ក្នុងការជួយកូរ៉េខាងត្បូង ឡើងដល់វគ្គ ១៦ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup ២០២២នេះ មុនពេលពួកគេបានចាញ់ក្រោមស្នាដៃប្រេស៊ីល ហាលអាវទៅផ្ទះវិញ៕ ដោយ៖ វិទូ

    ប្រភព :
    footballtransfers
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី