Messi វ៉ាដាច់ Ronaldo ក្លាយជាកីឡាករមានប្រាក់ខែខ្ពស់បំផុត បើទោះបីឈ្នះ Ballon d’Or ស្មើរគ្នា

28534
  • កីឡាករ Lionel Messi គឺជាកីឡាករបាល់ទាត់ដែលទទួលបានប្រាក់កម្រៃខ្ពស់បំផុតនៅទ្វីបអឺរ៉ុបដោយបានផ្តួលកីឡាករ Cristiano Ronaldo ចំនួន ៣ លានផោនក្នុងមួយខែ ។ ការបោះពុម្ភផ្សាយរបស់ការសែតបារាំង L’Equipe បានរបាយការណ៍ប្រចាំឆ្នាំអំពីប្រាក់ខែរបស់កីឡាបាល់ទាត់កំពូលៗ ហើយវាមិនមែនជាការភ្ញាក់ផ្អើលទេដែលឃើញតារាទាំងពីរស្ថិតនៅលើគេ ។

    បញ្ជីឈ្មោះបានធ្វើការសិក្សាស្រាវជ្រាវពីកីឡាករមកពីក្របខ័ណ្ឌ Premier League, La Liga, Serie A , Ligue 1 និងក្របខ័ណ្ឌ Bundesliga ដែលជាលីកកំពូលទាំង ៥ ដែលមានកីឡាករលំដាប់ពិភពលោកលេង ហើយក្របខ័ណ្ឌទាំង ៥ នេះក៏មានកីឡាករជាប់ឈ្មោះនៅក្នុងបញ្ជីកំពូលទាំង ១០ ផងដែរ ។ Lionel Messi នាំមុខគេ ខណៈដែលខ្សែប្រយុទ្ធរបស់ក្រុម Barcelona និងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅក្របខ័ណ្ឌ La Liga រូបនេះរកបាន ៧,៣ លានផោន ( ៩,៥ លានដុល្លារ ) ក្នុងមួយខែនេះបើគិតមិនទាន់កាត់ពន្ធ ។

    កីឡាករ Cristiano Ronaldo ដែលជាកីឡាករដំបូងគេនៅក្លឹប Juventus បានរកប្រាក់ចំណូលខ្ពស់បំផុតប្រចាំក្លឹប និងប្រចាំក្របខ័ណ្ឌ Serie A ជាប់ចំណាត់ថ្នាក់លេខ ២ ដោយទទួលបានប្រាក់ខែ ៤,១ លានផោន ដែលចាញ់គូរប្រជែងធំបំផុតរបស់ខ្លួនជាងពាក់កណ្តាល ។ ខណៈដែលមនុស្សជាច្រើនរំពឹងថា Neymar ជាអ្នករកបានប្រាក់ឈ្នួលខ្ពស់បំផុត ប៉ុន្តែខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំរូបនេះស្ថិតនៅចំណាត់ថ្នាក់ទី ៤ ឯណោះដោយរកបានត្រឹមតែ ២,៧ លានផោនក្នុងមួយខែប៉ុណ្ណោះ ។

    ផ្ទុយទៅវិញតារាឆ្នើមរបស់ក្លឹប Atletico Madrid និងជម្រើសជាតិបារាំង Antoine Griezmann បានជាប់ចំណាត់ថ្នាក់ទី ៣ ដែលរកចំណូលបាន ២,៩ លានផោនក្នុងមួយខែដោយសារកិច្ចព្រមព្រៀងថ្មីដែលគាត់បានចុះហត្ថលេខាជាមួយក្លិប បន្ទាប់ពីការសម្រេចចិត្តច្រានចោលការផ្លាស់ទៅកាន់ Barcelona កាលពីរដូវកាលមុន ។ Luis Suarez ដែលជាមិត្តរួមក្រុមរបស់ Messi ស្ថិតនៅចំណាត់ថ្នាក់លេខ ៥ ដែលរកចំណូលបាន ២,៥ លានផោនក្នុងមួយខែ និងក៏ជាកីឡាករមានប្រាក់ខែខ្ពស់លំដាប់ទីពីរនៅក្នុងក្លឹប Barcelona ។

    Gareth Bale របស់ក្លឹប Real Madrid ស្ថិតនៅលំដាប់ទី ៦ ដែលរកបាន ២,២ លានផោននៅក្នុងកីឡដ្ឋាន Bernabeu និងជាអ្នកមានប្រាក់ឈ្នួលខ្ពស់បំផុតតែម្នាក់គត់របស់ Real Madrid ក្នុងបញ្ជីឈ្មោះកំពូលទាំង ១០ ។ កីឡាករដែលមានប្រាក់ឈ្នួលខ្ពស់បំផុតប្រចាំក្របខ័ណ្ឌ Premier League គឺខ្សែប្រយុទ្ធ Alexis Sanchez របស់ក្លឹប Manchester United ដែលរកប្រាក់ចំណូលបាន ២ លានផោនក្នុងមួយខែនៅទឹកដី Old Trafford បន្ទាប់ពីផ្ទេរពីក្លឹបកាំភ្លើងធំ Arsenal ។

    កីឡាកររបស់ក្លឹប Paris Saint-Germain មានម្នាក់ទៀតក៏ស្ថិតក្នុងបញ្ជីកំពូលទាំង ១០ ជាមួយនឹង Neymar ផងដែរគឺខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើងខ្លាំង Kylian Mbappe ដែលទទួលបានប្រាក់ឈ្នួលចំនួន ១,៥ លានផោនក្នុងមួយខែ ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី