ការប្រកួត Tiger Street Football Festival 2019 មណ្ឌលខេត្តសៀមរាបមានក្រុមចូលរួមរហូតដល់ ១១៨ ក្រុម

7149
  • ការប្រកួតពានរង្វាន់ Tiger Street Football Festival 2019 បានមកដល់មណ្ឌលខេត្តសៀមរាបហើយដោយមានក្រុមចូលរួមលើសពីការរំពឹងទុក រហូតដល់ ១១៨ ក្រុម ប្រកួតរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ៨-១០ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅទីលានអង្គរឃ្យុងយូ ដើម្បីស្វែងក្រុមខ្លាំង ១២ បន្ថែមទៀត ។

    ថ្លែងក្នុងសន្និសីទសារព័ត៌មានការប្រកួត Tiger Street Football Festival 2019 លោកស្រី ថោង បវរលក្ខិណា តំណាងឲ្យក្រមហ៊ុនស្រាបៀរ Tiger បានមានប្រសាសន៍ថា ព្រឹត្តការណ៍នេះ គឺផ្តល់ឪកាសឱ្យយុវជនដែលស្រលាញ់កីឡាបាល់ទាត់ បានបញ្ចេញសមត្ថភាព ។ លោកស្រី បន្តថា ការប្រកួតតែងតែចង់ទទួលបានជ័យជម្នះ ប៉ុន្តែយ៉ាងណាក៏ដោយសហព័ន្ធកីឡាបាល់ទាត់ និងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ តែងតែសង្កត់ធ្ងន់ លើកការគោរពវិន័យ ហើយសង្ឃឹមថា ប្រកាន់ភ្ជាប់នូវស្មារតីកីឡាលេងដោយយុត្តិធម៌ (Fair Play) គោរពពេលវេលា គោរពអាជ្ញាកណ្តាល និងអ្នករៀបចំការប្រកួត ។ លោកស្រី តំណាងក្រុម ស្របៀរ Tiger បញ្ជាក់ថា ចង់ឃើញក្រុមតាមបណ្តាខេត្ត ឈ្នះពានរង្វាន់ Tiger Street Football Festival 2019 នេះ ជាពិសេសក្រុមនៅមណ្ឌលខេត្តសៀមរាបតែម្តង ពីព្រោះរយៈពេល ៦ ឆ្នាំជាប់ៗគ្នាគឺក្រុមនៅភ្នំពេញជាអ្នកលើពានរហូត ។

    សម្រាប់ឆ្នាំនេះ មណ្ឌលខេត្តសៀមរាប ក្រុមការងារ Tiger Street Football Festival ជ្រើសរើសយក ១២ ក្រុម ទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញថ្ងៃទី ១៦ និងទី ១៧ ខែមីនា ឆ្នាំ ២០១៩ ខាងមុខនេះ ជាពិសេសមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់លំដាប់ពិភពលោកគឺលោក Ronaldinho ។

    សូមបញ្ជាក់ថា ពានរង្វាន់ Tiger Street Football Festival គឺប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីស្រទាប់យុវជន និងមហាជនគ្រប់រាជធានីខេត្តទាំង ២៥ ជាពិសេសនោះ ការចូលរួមមណ្ឌលតាមបណ្តាខេត្ត គឺច្រើនលើសពីការរំពឹងទុក ហើយក្រុមហ៊ុននឹងបន្តព្រឹត្តការណ៍ប្រកួតបាល់ទាត់នេះ ក្នុងន័យចូលរួមបំផុសសកម្មភាពកីឡាបាល់ទាត់ជាមួយនឹងសហព័ន្ធ ដើម្បីស្វែងរកកីឡាករដែលមានទេពកោសល្យ និងសមត្ថភាព ត្រៀមការប្រកួតលើឆាកអន្តរជាតិ ជាពិសេស ព្រឹត្តការណ៍កីឡា ស៊ីហ្គេម លើកទី ៣២ នាឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕

    ដោយ៖តារា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី