កីឡាករវាយកូនគោល ម៉ុន សុខជា មានការវិឌ្ឍន៍សមត្ថភាពខ្លាំងក្រោយជាប់ជម្រើសជាតិឆ្នាំ ២០១៩

12254

បន្ទាប់ពីជាប់ជាកីឡាករជម្រើសជាតិកីឡាវាយកូនគោលកម្ពុជា ដែលជ្រើសរើសដោយសហព័ន្ធកីឡាវាយកូនគោល កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៨កន្លងទៅ កីឡាករ ម៉ុន សុខជា បានវិឌ្ឍន៍សមត្ថភាពយ៉ាងខ្លាំងគួរអោយកត់សំគាល់ ដោយដណ្តើមបានជើងឯក ពីព្រឹត្តិការណ៍២ផ្សេងគ្នា ។

ថ្លែងប្រាប់អ្នកសារព័តមានកាលពីម្សិលមិញ កីឡាករ ម៉ុន សុខជា បញ្ជាក់ថា ព្រឹត្តិការណ៍ដែលលោកឈ្នះពាននោះ ទី១ ព្រឹត្តិការណ៍ HEINEKEN GOLF CHAMPION SHIP 2019 និងមួយទៀត ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលគំរប់ខួប៩ឆ្នាំ ទីលានវាយកូនគោលស៊ីធីហ្គោល ។ លោក អះអាងថា ព្រឹត្តិការណ៍ប្រកួតខាងលើនេះ គឺមានអ្នកចូលរួមប្រជែងសុទ្ធសឹងជាកីឡាករដែលមានសមត្ថភាពខ្ពស់ ។

លោក បញ្ជាក់ថា ពានកីឡាវាយកូនគោលគំរប់ខួប៩ឆ្នាំ គឺការប្រកួតប្រជែងយ៉ាងស្វិតស្វាយជាមួយកីឡាករខ្មែរ និងបរទេស ដែលពួកគេធ្លាប់ឈ្នះពានរង្វាន់ប្រចាំទីលានមួយនេះជាច្រើនលើករួចមកហើយ ។ កីឡាករជម្រើសជាតិរូបនេះ អះអាងថា អ្វីដែលជម្រុញធ្វើអោយលោកឈានទៅដល់ការឈ្នះពានទាំង២នេះ វាកើតចេញពីទឹកចិត្ត បូករួមនិងការខិតខំហ្វឹកហាត់ ។

លោក បញ្ជាក់ទៀតថា ជ័យជំនះក្នុងស្រុកវាមិនទាន់គ្រប់គ្រាន់នោះទេ លោកមានមហិតាប៉ងចង់ឈ្នះពាន និងមេដាយ នៅក្រៅប្រទេស ដើម្បីបង្ហាញអោយឃើញថាកម្ពុជា ក៍មានកីឡាករពោពេញដោយសមត្ថភាព ផ្នែកកីឡាវាយកូនគោលនេះដែរ។
សូមបញ្ជាក់ថា កីឡាករវ័យជាង៤០ឆ្នាំរូបនេះ បានជាប់ជាកីឡាករជម្រើសជាតិ ក្នុងឆ្នាំ២០១៩ ហើយកំពុងបង្កើនការហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីពង្រឹងសមត្ថភាព ត្រៀមប្រជែងក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម នៅប្រទេសហ្វីលីន ក្នុងឆ្នាំ២០១៩នេះ ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី