
ការស្នាក់នៅរយៈពេល ៤ ឆ្នាំរបស់ Eden Hazard នៅ Real Madrid កំពុងតែខិតជិតមកដល់ទីបញ្ចប់ហើយ នេះបើយោងតាមអ្នកជំនាញការផ្ទេរលោក Fabrizio Romano ។
Hazard បានក្លាយជាកីឡាករបំបែកកំណត់ត្រារបស់ Real Madrid នៅពេលដែលគាត់បានចុះហត្ថលេខាពី Chelsea ក្នុងតម្លៃសរុប ១៤៦.១ លានអឺរ៉ូក្នុងរដូវក្តៅឆ្នាំ ២០១៩ ប៉ុន្តែអ្វីៗមិនដំណើរការដូចការរំពឹងទុកនោះទេ ដោយខ្សែបម្រើស្លាបសញ្ជាតិបែលហ្ស៊ិករូបនេះ បរាជ័យអាជីពនៅប្រទេសអេស្ប៉ាញ។ គ្រាប់បាល់ចុងក្រោយនៅ La Liga របស់ Hazard រកបានតាំងពីក្នុងខែមីនា ឆ្នាំ២០២១មកម្លេះ ហើយរូបគេមិនបានបង្ហាញខ្លួនសូម្បីតែមួយនាទីនៅក្នុងការប្រកួត El Clasico ទល់នឹង Barcelona ដែលជាការប្រកួតសំខាន់បំផុតសម្រាប់ក្លិប Real Madrid។ Hazard ទើបតែចាប់ផ្តើមការប្រកួតលីគចំនួន ១៥ ប្រកួតប៉ុណ្ណោះ ក្នុងរយៈពេលពីររដូវកាលចុងក្រោយនេះ ហើយអ្នកការសែតលោក Romano បានលើកឡើងថា យុទ្ធនាការបច្ចុប្បន្ននេះអាចជាការប្រកួតចុងក្រោយរបស់ Hazard នៅ Real Madrid ហើយ។
អ្នកការសែតជនជាតិអ៊ីតាលីរូបនេះបាននិយាយនៅលើ Channel YouTube របស់គាត់ថា៖ “ជាការពិតណាស់នៅពេលនោះគាត់មានរបួសមួយចំនួន ដូច្នេះវាគឺជាការសម្រេចចិត្តខាងផ្នែករាងកាយ ប៉ុន្តែពេលខ្លះក៏ជាការសម្រេចចិត្តបច្ចេកទេសដោយលោក Carlo Ancelotti ផងដែរ”។
លោក Romano បានបញ្ជាក់ទៀតថា៖ “ការរំពឹងទុកគឺ សម្រាប់ Eden Hazard នឹងមានឱកាសដ៏ធំក្នុងការចាកចេញពី Real Madrid នៅរដូវក្តៅ។ ហើយខាងផ្ទៃក្នុងក៏មានការពិភាក្សារវាង Eden Hazard និង Real Madrid ដើម្បីសម្រេចពីអនាគតរបស់គាត់។ ហើយមានតែការផ្លាស់ប្តូរគ្រូបង្វឹកប៉ុណ្ណោះ ដែលអាចផ្លាស់ប្តូរស្ថានភាពនេះបាន”។
កិច្ចសន្យារបស់ Hazard ជាមួយ Real Madrid នឹងដំណើរការរហូតដល់រដូវក្តៅឆ្នាំ ២០២៤ ប៉ុន្តែក្រុមស្ដេចស មិនស្ទាក់ស្ទើរនោះទេក្នុងការលក់កីឡាករដែលពួកគេមិនប្រើប្រាស់ ប្រសិនបើមានក្លិបណាចាប់អារម្មណ៍ចង់បានតារារូបនេះ ស្របពេលបច្ចុប្បន្ននេះ Hazard មានតម្លៃត្រឹមតែ ១១ លានអឺរ៉ូប៉ុណ្ណោះ៕
ដោយ៖ វិទូ