
ក្រុម Paris Saint-Germain ultras បាននាំគ្នាស្រែកច្រៀងដៀលទៅកាន់ Lionel Messi ក្នុងជំនួបទល់នឹងក្រុម Rennes នៅថ្ងៃអាទិត្យនេះ ខណៈកីឡាករអាហ្សង់ទីនកំពុងរងសម្ពាធជាខ្លាំងនៅទឹកដីបារាំង។
ក្រុមអ្នកគាំទ្រ PSG ធ្លាប់រិះគន់ខ្លាំងៗទៅលើ Neymar ជាច្រើនដងមកហើយ ព្រោះតែតារាប្រេស៊ីលរូបនេះ ហាក់មិនបានបង្ហាញសមត្ថភាពឱ្យសមដូចទៅនឹងតម្លៃខ្លួនថ្លៃដាច់គេលើលោកនោះឡើយ។ ដោយភាគច្រើនរូបគេរងរបួសមិនសូវបានលេង ខណៈថ្មីៗនេះ Neymar ក៏នឹងត្រូវអវត្តមានរហូតដល់ចប់រដូវកាលនេះឯណោះ ក្រោយត្រូវវះកាត់ព្យាបាល់កជើង។ ចំណែកឯ Messi ក៏ហាក់ជួបរឿងមិនខុសគ្នាប៉ុន្មានជាមួយមិត្តរួមក្រុម Neymar នោះឡើយ ក៏ត្រូវអ្នកគាំទ្រក្លិប PSG តេះដៀលមិនសំចៃមាត់នោះដែរ។
គាំទ្រមានការខកចិត្តជាខ្លាំងចំពោះការធ្លាក់ចេញពីត្រឹមវគ្គ ១៦ ក្រុមចុងក្រោយរបស់ PSG ពីក្របខណ្ឌ Champions League ក្រោមថ្វីជើងរបស់ក្រុមខ្លាំងអាល្លឺម៉ង់ Bayern Munich ដែលជាគោលដៅធំរបស់ក្លិប។ ទន្ទឹមនឹងនេះ Messi ក៏មិនទាន់បន្តកុងត្រាថ្មីដើម្បីនៅ PSG លើសពីរដូវក្តៅនេះនោះដែរ។
Messi ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការត្រលប់ទៅ Barcelona ក៏ដូចជា Inter Miami របស់វីរបុរសអង់គ្លេសលោក David Beckham និងប្រទេសអារ៉ាបីសាអូឌីត ជាទីកន្លែងដែលរបស់ Cristiano Ronaldo កំពុងប្រកបអាជីពនៅទីនោះ ខណៈដែលអតីតមិត្តរួមក្រុមអាហ្សង់ទីន និងជាមិត្តចាស់ដ៏ជិតស្និត Sergio Aguero បានអះអាងថា Messi នឹងទៅលេងនៅស្រុកកំណើតវិញ ជាមួយក្លិបកុមារភាព Newell’s Old Boys។
ជាមួយគ្នានេះលោក Duggary ដែលជាអតីតខ្សែប្រយុទ្ធ Barcelona និង AC Milan ដែលបានឈ្នះ World Cup ជាមួយប្រទេសបារាំងក្នុងឆ្នាំ១៩៩៨ បានរិះគន់ Messi នៅលើ RMC Sport ។ លោក Dugarry បានបញ្ចេញមតិថា PSG មិនគួរបន្តកុងត្រាថ្មីដល់ Messi នោះទេ។ វីរបុរសបារាំងខាងលើបានលើកឡើងថា៖ “ពិតណាស់លើការលេងរបស់គាត់ អ្នកនឹងមិននិយាយថាអ្នកចង់បន្តកុងត្រាថ្មីដល់គាត់នោះទេ។ វាច្បាស់ណាស់ថា ការលេងរបស់គាត់មិនទាន់ល្អគ្រប់គ្រាន់ទេ។ អញ្ជើងហើយ Messi នៅ PSG ដើម្បីអ្វី? តើគាត់នៅទីនោះសម្រាប់ទីផ្សារ ដើម្បីលក់អាវ ឬដើម្បីលេង?”៕
ដោយ៖ តារា