
ព័រទុយហ្គាល់បានរីករាយនឹងការទទួលជ័យជម្នះលើក្រុមជម្រើសលីចតេនស្ទីន ក្នុងការប្រកួតបើកឆាកវគ្គជម្រុះ Euro 2024 ខណៈ Ronaldo បានបំបែកកំណត់ត្រាថ្មីមួយទៀត។
Cristiano Ronaldo ស្ថិតក្នុងទម្រង់លេងល្អមែនទែន ខណៈដែលខ្លាចាស់រូបនេះ បានបង្កើតកំណត់ត្រាដ៏អស្ចារ្យមួយក្លាយជាកីឡាករដែលបង្ហាញខ្លួន សម្រាប់ក្រុមជម្រើសជាតិច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ ជាមួយកំណត់ត្រា ១៩៧ប្រកួត។ ខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំដែលបច្ចុប្បន្នលេងនៅក្លឹបអារ៉ាប៊ីសាអូឌីត Al-Nassr បានវ៉ាដាច់វីរបុរសគុយវ៉ែត Bader Al-Mutawa ដែលលេងបានចំនួន ១៩៦លើកសម្រាប់ក្រុមជម្រើសជាតិ។
ក្នុងជ័យជម្នះដ៏គួរជាទីគាប់ចិត្ត ដែលព័រទុយហ្គាល់ បានយកឈ្នះទៅលើក្រុមលីចតេនស្ទីន ក្នុងលទ្ធផល ៤ទល់នឹង០ សម្រាប់ការប្រកួតជម្រើសវគ្គជម្រុះ ការប្រកួតពានរង្វាន់ជើងឯកអឺរ៉ុប Euro 2024 នៅក្នុងពូល J។ គ្រាប់ទី១ បានកើតឡើងពីការស៊ុតបញ្ចូលទីរបស់ខ្សែការពារស្លាប Joao Cancelo ត្រឹមនាទីទី៨ ប៉ុណ្ណោះ មុនពេលខ្សែបម្រើឆ្នើមរបស់ក្លិបមេឃខៀវ Manchester City Bernardo Silva បន្ថែមគ្រាប់ទី២ នៅនាទី៤៧។
ជាមួយគ្នានេះ ប្រធានក្រុម Cristiano Ronaldo មិនបានធ្វើឱ្យអ្នកគាំទ្រខកចិត្តនោះទេ ដោយបានបំប៉ោងសំណាញ់ទីសម្រាប់ព័រទុយហ្គាល់នៅនាទីទី៥១ ពីបាល់ពិន័យ ១១ម៉ែត្រ មុនពេលតារាឆ្នើមជើងចាស់រូបនេះ ស៊ុតបាល់ Free Kick បញ្ចូលទីយ៉ាងណាល្អនៅនាទីទី៦៣ ដែលគ្រាប់ទី៤ សម្រាប់ព័រទុយហ្គាល់ ក្នុងជ័យជម្នះមួយនេះ ខណៈ Ronaldo ទើបតែស៊ុត Free Kick ចូលឱ្យក្លិប Al-Nassr ថ្មីៗនេះប៉ុណ្ណោះ។
ជ័យជម្នះដ៏ធំនេះ គឺជាការចាប់ផ្តើមដ៏ល្អឥតខ្ចោះមួយសម្រាប់គ្រូបង្វឹកថ្មីលោក Roberto Martinez សម្រាប់ការដឹកនាំក្រុមព័រទុយហ្គាល់។ ដោយដឹកនាំប្រកួតដំបូងសោះបានជួយឱ្យព័រទុយហ្គាល់ ទទួលជ័យជម្នះល្អបែបនេះ ជាពិសេសបានជួយឱ្យ Ronaldo ត្រឡប់មកភាពរីករាយវិញ ក្រោយខកចិត្តខ្លាំងក្រោមការដឹកនាំរបស់គ្រូបង្វឹកចាស់ នៅការប្រកួត World Cup 2022 និងបំបែកកំណត់ត្រាក្លាយជាកីឡាករបង្ហាញខ្លួនច្រើនបំផុតនៅកម្រិតអន្តរជាតិ៕
ដោយ៖ តារា