ឃើញស៊ុតចូលឥតល្ហែ! គ្រូថ្មីថា៖ Ronaldo នៅតែជាកីឡាករសំខាន់សម្រាប់ព័រទុយហ្គាល់

29681
  • គ្រូបង្វឹក Roberto Martinez បាននិយាយថា Cristiano Ronaldo នៅតែជាកីឡាករសំខាន់សម្រាប់ព័រទុយហ្គាល់ បន្ទាប់ពីខ្សែប្រយុទ្ធជើងចាស់រូបនេះ បានស៊ុតបាល់បញ្ចូលទី ២ប្រកួតជាប់ៗគ្នាក្នុងការប្រកួតវគ្គជម្រុះ Euro 2024។
    កីឡាករវ័យ ៣៨ ឆ្នាំរូបនេះ បានបើកការស៊ុតបញ្ចូលទីសម្រាប់ក្រុមម្ចាស់ជើងឯក Euro 2016 ត្រឹមនាទី៩ ប៉ុណ្ណោះ មុនពេលបន្ថែម ១គ្រាប់ទៀតនៅនាទី៣១ ពីការអូសស៊ុតយ៉ាងល្អ ខណៈដែលព័រទុយហ្គាល់បានយកឈ្នះទៅលើក្រុមជម្រើសលួចសំបួរ ក្នុងលទ្ធផលមិនធម្មតា ៦-០។ Ronaldo ដែលបានស៊ុតបញ្ចូលទីបានពីរគ្រាប់ទល់នឹងក្រុមជម្រើស Liechtenstein កាលពីថ្ងៃព្រហស្បតិ៍ បានបង្កើនកំណត់ត្រារបស់គាត់ក្នុងការបង្ហាញខ្លួន នៅជម្រើសជាតិច្រើនជាងគេបំផុតចំនួន ១៩៨ប្រកួត និងក៏ជាអ្នកស៊ុតបញ្ចូលទីច្រើនផ្ដាច់គេ ១២២គ្រាប់ផងដែរ។
    អតីតគ្រូបង្វឹកប៊ែលហ្សិកលោក Martinez ដែលបានជួយឱ្យ Ronaldo ត្រឡប់មកកាន់ជម្រើសដំបូងជម្រើសជាតិឡើងវិញ បន្ទាប់ពីខ្សែប្រយុទ្ធជើងចាស់រូបនេះ ត្រូវបានទម្លាក់ចេញពីកៅអីជម្រើស ១១នាក់ដំបូងក្នុងការប្រកួត World Cup 2022 នៅប្រទេសកាតាបាននិយាយថា៖ “Cristiano គឺជាកីឡាករតែមួយគត់នៅក្នុងពិភពលោកដែលស៊ុតបញ្ចូលទីជម្រើសជាតិច្រើនជាងគេ”។
    លោក Martinez បាននិយាយទៀតថា៖ “បទពិសោធន៍ដែលគាត់មានសម្រាប់បន្ទប់ស្លៀកពាក់គឺសំខាន់ណាស់។ កីឡាករទាំងអស់មានតួនាទីសំខាន់។ ក្មេងៗមានឆន្ទៈក្នុងការលេង ហើយកីឡាករដូចជា Cristiano Ronaldo, Rui Patricio និង Bernardo Silva នាំមកនូវបទពិសោធន៍។ វាសំខាន់ណាស់ក្នុងការមានកីឡាករដូចពួកគាត់”។
    សូមជម្រាបជូនផងដែរថា លោក Martinez បានចូលរួមជាមួយព័រទុយហ្គាល់បន្ទាប់ពីការប្រកួត World Cup ដោយមកជំនួសលោក Fernando Santos ដែលបានកាន់តំណែងតាំងពីឆ្នាំ២០១៤មក។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បានរីករាយនឹងការចាប់ផ្តើមដ៏ល្អ ដោយក្រុមរបស់គាត់ដណ្ដើមបាន ៦ ពិន្ទុពេញរួចទៅហើយ និងឈរនៅលើកំពូលតារាងនៃពូល J ដោយស៊ុតបញ្ចូលទីបាន ១០ ហើយមិនទាន់របូតគ្រាប់បាល់នៅឡើយទេ៕ ដោយ៖ តារា

    ប្រភព :
    Besoccer
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី