
MLS ចង់ចុះហត្ថលេខាលើ Lionel Messi ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ ដោយក្រុមទាំងអស់នឹងចូលរួមសហការគ្នា ដើម្បីបើកប្រាក់បៀវត្សរ៍ឱ្យតារាអាហ្សង់ទីន ប្រសិនបើលីគបាល់ទាត់អាមេរិកមួយនេះ អាចចុះហត្ថលេខាលើ Messi សម្រាប់ក្រុមណាមួយ។
ក្របខណ្ឌ Major League Soccer ចង់ចុះហត្ថលេខាលើ Lionel Messi ដើម្បីនាំយកតារាកំពូលរូបនេះមកចូលនិវត្តន៍ នៅលើទឹកប្រទេសមហាអំណាចមួយនេះ។ តាមពិតទៅ បើយោងតាមការសែត ‘Sport’ បានឱ្យដឹងថា ក្រុមប្រឹក្សាភិបាលនៃក្របខណ្ឌ MLS បានបង្កើតច្បាប់ថ្មីមួយដើម្បីអាចចុះហត្ថលេខាលើម្ចាស់ពាន World Cup 2022 រូបនេះ។
ប្រព័ន្ធផ្សព្វផ្សាយដដែលបានរាយការណ៍ទៀតថា ក្រុម MLS ទាំងអស់នឹងបើកប្រាក់បៀវត្សរ៍ដល់ Messi ដរាបណាខ្សែប្រយុទ្ធរូបនេះចុះហត្ថលេខា សម្រាប់ក្រុមនៅក្នុងលីគសហរដ្ឋអាមេរិក។ ប្រសិនបើតារាសញ្ជាតិអាហ្សង់ទីនខាងលើ ទៅចូលរួមជាមួយក្លឹប Inter Miami របស់វីរបុរសអង់គ្លេសលោក David Beckham ក្រុមផ្សេងទៀតក៏នឹងត្រូវបង់ប្រាក់ខែឱ្យ Messi ផងដែរ ដើម្បីអនុវត្តតាមច្បាប់ហិរញ្ញវត្ថុ។
Major League Soccer ជឿជាក់ថា ការធ្វើបែបនេះនឹងបង្កើនប្រាក់ចំណូលដល់ក្រុមទាំងអស់ដោយសារតែការផ្សាយពាណិជ្ជកម្ម និងការលក់ទំនិញរបស់ក្លិបផ្សេងដូចជាលក់អាវជាដើម ព្រោះតែឥទ្ធិពលមិនធម្មតារបស់កំពូលខ្សែប្រយុទ្ធដែលជាម្ចាស់ពាន Ballon d’or ៧សម័យកាល។ ឥទ្ធិពល Messi ច្បាស់ណាស់ថា នឹងធ្វើឱ្យលីគបាល់ទាត់អាមេរិកកាន់តែល្បីល្បាញ និងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រជុំវិញពិភពលោក។ ដែលនេះយើងបានធ្លាប់ឃើញមកហើយ ក្រោយពី Ronaldo ទៅចូលរួមជាមួយក្លិបអារ៉ាប៊ីសាអូឌីត ធ្វើឱ្យលីគមួយនេះមានអ្នកតាមដានជុំវិញពិភពលោក និងកើនប្រជាប្រិយភាពស្ទើរមិនគួរឱ្យជឿ។
កិច្ចសន្យាបច្ចុប្បន្នរបស់ Messi ជាមួយក្លិបបារាំង Paris Saint-Germain នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយគាត់មិនទាន់ឈានដល់កិច្ចព្រមព្រៀងដើម្បីបន្តកុងត្រាថ្មីនៅឡើយទេ។ ជាលទ្ធផល អនាគតរបស់ Messi មិនប្រាកដប្រជានោះទេ ហើយគេមិនដឹងថាតើគាត់នឹងត្រលប់ទៅ Barcelona វិញ ឬគាត់នឹងត្រូវផ្លាស់ទៅសហរដ្ឋអាមេរិក ឬក៏គាត់អាចទៅលេងនៅអារ៉ាប៊ីសាអូឌីតជាមួយ Ronaldo នោះទេ៕ ដោយ៖ តារា