
Cristiano Ronaldo ដែលបានចុះហត្ថលេខាជាមួយ Al Nassr បន្ទាប់ពីការប្រកួត World Cup នៅប្រទេសកាតា បាននិយាយថា Saudi League នឹងក្លាយជាលីគដែលមានការប្រកួតប្រជែងបំផុតទី៤ នៅក្នុងពិភពលោក។
Cristiano Ronaldo បានចាកចេញពីលីគបាល់ទាត់អឺរ៉ុបដើម្បីបន្តអាជីពនៅលីគអារ៉ាប៊ីសាអូឌីត។ កីឡាករសញ្ជាតិព័រទុយហ្គាល់ ដែលនៅតែជាកីឡាករសំខាន់សម្រាប់ក្រុមជម្រើសជាតិ បានផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍ ‘BeIN Sports’ ដើម្បីនិយាយអំពីស្ថានភាពអាជីពបាល់ទាត់បច្ចុប្បន្នរបស់គាត់។ Ronaldo ក៏បាននិយាយអំពីការកោះហៅខ្លួនសម្រាប់ជម្រើសជាតិព័រទុយហ្គាល់ សម្រាប់ការប្រកួតជម្រុះជើងឯកអឺរ៉ុប Euro 2024 ថា៖ “ខ្ញុំមានអារម្មណ៍ល្អណាស់។ នោះហើយជាមូលហេតុដែលខ្ញុំនៅទីនេះ។ ប្រសិនបើខ្ញុំមិនបានគិតអំពីវាទេ ខ្ញុំមិននៅទីនេះទេ”។
សម្រាប់ការផ្លាស់ទៅលេងនៅ Al Nassr កីឡាករ Cristiano បានលើកឡើងថា៖ “ខ្ញុំនៅក្នុងលីគដែលមានការប្រកួតប្រជែងខ្លាំង។ ពួកយើងគួរតែមើលលីគអារ៉ាប៊ីសាអូឌីតខុសពីគេ។ ជាក់ស្តែង វាមិនដូច Premier League ទេ ប៉ុន្តែវាជាលីគដែលមានការប្រកួតប្រជែងខ្ពស់។ ខ្ញុំភ្ញាក់ផ្អើលនឹងលីគនេះ។ វាមានក្រុមល្អៗ វាមានតុល្យភាព កីឡាករអារ៉ាប់ល្អ ហើយកីឡាករបរទេសមានគុណភាព”។
អតីតខ្សែប្រយុទ្ធបីសាចក្រហម Man Utd, Real Madrid និង Juventus ខាងលើបានបន្តនិយាយទៀតថា៖ “វាអាចទៅរួចក្នុងរយៈពេល ៥ ឬ ៦ ឆ្នាំទៀត ប្រសិនបើពួកគេបន្តជាមួយនឹងផែនការនេះ នោះពួកគេនឹងក្លាយជាលីគដែលមានការប្រកួតប្រជែងបំផុតទី ៤ ឬទី ៥ នៅលើពិភពលោក”។
គូសបញ្ជាក់ផងដែរថា ក្រោយបញ្ចប់ស្នេហាជាមួយក្លិបបីសាចក្រហម Man Utd ក្នុងស្ថានភាពដ៏តានតឹង Cristiano Ronaldo បានផ្លាស់មកលេងនៅលីគអារ៉ាប៊ីសាអូឌីត ជាមួយកុងត្រារហូតដល់ឆ្នាំ ២០២៥។ លើសពីនេះ គាត់បានក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុត ក្នុងប្រវត្តិសាស្ត្របាល់ទាត់ផងដែរ ជាមួយប្រាក់ឈ្មួល ២០០លានដុល្លារក្នុងមួយរដូវកាល៕
ដោយ៖ តារា