
កីឡាករសញ្ជាតិកូរ៉េខាងត្បូង Kim-Min Jae បានក្លាយជាខ្សែការពារដ៏ល្អបំផុតមួយរូប នៅក្នុងពិភពលោកក្នុងរដូវកាលនេះ ខណៈមានក្លិបធំៗជាច្រើនស្រវ៉េស្រវ៉ាចង់បាន។
ក្លិប Napoli កំពុងមានរដូវកាលដ៏អស្ចារ្យជាប្រវត្តិសាស្ត្រ ដោយមួយផ្នែកក៏កើតចេញពីស្នាដៃរបស់កីឡាករ Kim-Min Jae ផងដែរ។ ខ្សែការពារកណ្តាលឆ្នើមប្រចាំទ្វីបអាស៊ីរូបនេះ បានបង្ហាញទម្រង់លេងល្អខ្លាំងស្ទើរមិនគួរឱ្យក្នុងរដូវកាលនេះ និងជាផ្នែកសំខាន់មួយសម្រាប់ក្រុម Napoli ក្រុមការដឹកនាំរបស់លោក Luciano Spalletti ទាំងនៅក្នុងការប្រកួតពានរង្វាន់ក្នុងស្រុក និងក្របខណ្ឌ Champions League។
បើយោងតាមការសែតបារាំង L’Equipe បានឱ្យដឹងថា PSG ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Kim-Min Jae នៅរដូវក្តៅក្រោយ ក្នុងគោលបំណងពង្រឹងតំបន់ការពាររបស់ខ្លួន បន្ទាប់ពីពួកគេយល់ឃើញថា PSG មានតំបន់ការពារខ្សោយមិនអាចប្រកួតប្រជែង ជាមួយក្លិបធំៗផ្សេងទៀតបាន។ ហើយការចុះហត្ថលេខាលើកីឡាករកូរ៉េខាងត្បូងខាងលើ គឺជាគន្លឹះមួយដើម្បីអាចជួយ PSG លើកពាន Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
បន្ទាប់ពីខ្សែការពារ Milan Skriniar នឹងមិនចាកចេញពីក្លិបអ៊ីតាលី Inter Milan ក្លិបយក្សប្រចាំទីក្រុងប៉ារីស បានបង្វែគោលដៅទៅលើខ្សែការពារកណ្តាលរបស់ក្លិប Napoli កីឡាករ Kim-Min Jae វិញ។ ទោះជាយ៉ាងណាក៏ដោយ ការចុះហត្ថលេខាលើ Kim-Min Jae នឹងមិនងាយស្រួលនោះទេ ព្រោះថាមានក្រុមជាច្រើនចាប់អារម្មណ៍លើខ្សែការពារឆ្នើមរូបនេះ ហើយ Napoli ក៏នឹងមិនឱ្យតារាកូរ៉េចាកចេញដោយងាយស្រួល និងក្នុងតម្លៃទាបនោះដែរ។
ទន្ទឹមនឹងនេះ ក្រៅពីក្លិបអ្នកមានបារាំង Paris Saint-Germain ចាប់អារម្មណ៍ចង់បាន ក្លិបយក្សអង់គ្លេស Manchester United ក៏កំពុងតាមដានយ៉ាងដិតដល់ផងដែរ និងក៏ជាក្លិបឈានមុខគេក្នុងនាំយកខ្សែការពារកូរ៉េ Kim-Min Jae នៅរដូវកាលក្រោយ។ ដោយគ្រូបង្វឹកលោក Erik Ten Hag ចាត់ Kim-Min Jae ជាកីឡាករដ៏ស័ក្តិសមបំផុតមួយក្នុងការមកកាន់កាប់កន្លែងរបស់ប្រធានក្រុម Harry Maguire ដែលមានចចាមអារ៉ាមចាកចេញនៅចុងបញ្ចប់រដូវកាលនេះ៕
ដោយ៖ វិទូ