
ការសែត ‘The Athletic’ បានចេញផ្សាយថា Marcus Rashford បានបដិសេធការផ្តល់ជូនប្រហែល ៤៥០,០០០ អឺរ៉ូក្នុងមួយសប្តាហ៍ ឬប្រហែល ១.៨ លានអឺរ៉ូក្នុងមួយខែពីក្លិប Paris Saint-Germain។
Marcus Rashford កំពុងមានរដូវកាលដ៏ល្អបំផុតនៃអាជីពរបស់គាត់ ក្រោមការដឹកនាំរបស់លោក Erik ten Hag។ ប៉ុន្តែមានរឿងគួរឱ្យចាប់អារម្មណ៍មួយ គឺខ្សែប្រយុទ្ធរូបនេះបានបដិសេធការផ្តល់ជូនដ៏ធំសម្បើមពីសំណាក់ក្លិប PSG ដើម្បីទទួលបានប្រាក់ខែច្រើនជាង ៤៥០,០០០ អឺរ៉ូក្នុងមួយសប្តាហ៍នៅទឹកដី Parc des Princes។
‘The Athletic’ បានរាយការណ៍ថា ការបដិសេធរបស់ Rashford នេះ គឺដោយសារតែគាត់ចង់ផ្តោតលើអាជីពបច្ចុប្បន្នរបស់គាត់នៅកីឡដ្ឋាន Old Trafford ។ Rashford មានទំនុកចិត្តថាពេលវេលាដ៏អស្ចារ្យរបស់គាត់បានមកដល់ហើយ បន្ទាប់ពីការព្យាយាមជាច្រើនឆ្នាំដើម្បីក្លាយជាកីឡាករកំពូលប្រចាំក្រុមនៅក្លិប Manchester United។
ក្នុងរដូវកាលនេះ Rashford បានស៊ុតបញ្ចូលទី ២៧ គ្រាប់ក្នុង ៤៤ ប្រកួត និងកំពុងដើរតួនាទីជាកីឡាករសំខាន់បំផុត នៅក្នុងក្រុមរបស់គ្រូបង្វឹកលោក Ten Hag។ តម្លៃទីផ្សាររបស់តារាអង់គ្លេសរូបនេះ បានកើនឡើងដល់ ៧០លានអឺរ៉ូ ខណៈកិច្ចសន្យាបច្ចុប្បន្នរបស់ Rashford នឹងមានសុពលភាពរហូតដល់រដូវក្តៅឆ្នាំ២០២៤ ប៉ុន្តែមិនទាន់មានព័ត៌មានណាមួយនិយាយថា ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំខាងលើនឹងបន្តកុងត្រាថ្មីនៅឡើយនោះទេ។
ដូច្នេះហើយប្រសិនបើ PSG នៅតែចង់បានតារាជើងស៊ុតខាងលើ ពួកគេនៅតែមានឱកាសនៅរដូវក្តៅនេះ ព្រោះពួកគេអាចទាញយកប្រយោជន៍ពីការពិតដែលថា Rashford នៅសល់កុងត្រាជាមួយក្លិបបីសាចក្រហម Manchester United តែមួយឆ្នាំទៀតប៉ុណ្ណោះ៕
ដោយ៖ វិទូ