ស៊ូ យ៉ាទី ៖ ដៃខ្ញុំនៅស្រៀវៗនៅឡើយ ប៉ុន្តែសង្ឃឹមជាទាន់លីគចាប់ផ្ដើម

15625

របួសប្រេះឆ្អឹងដៃឆ្វេងដែលបានញាំញីអាជីពបាល់ទាត់របស់ ស៊ូ យ៉ាទី តាំងពីខែ កញ្ញា ឆ្នាំ ២០១៨ កន្លងទៅមកទល់ពេលនេះត្រូវបានសាមីខ្លួនបញ្ជាក់ថា មានអារម្មណ៍ញញើតនៅឡើយសម្រាប់ការរារាំងគ្រាប់បាល់ខ្លាំងៗ បើទោះបានចូលហ្វឹកហាត់ឡើងវិញតាំងពីចុងខែ ធ្នូ ក្ដី ។

អ្នកចាំទីដែលជួយឲ្យ Cambodian All Star យកឈ្នះក្លឹបខ្លាំងថៃ SCG Muangthong United រូបនេះបានបញ្ជាក់ថា៖ ” និយាយទៅបើគិតលើរបួសសឹងថាជា ១០០ ភាគរយទៅហើយ ប៉ុន្តែដោយសារយើងធ្លាប់របួសអញ្ចឹងយើងចេះតែមានអារម្មណ៍មួយស្រៀវៗខ្លាចៗបារម្ភក្រែងត្រូវរបួសចាស់ហ្នឹងម្ដងទៀត ។ រាល់ថ្ងៃពេលហាត់ឬប្រកួតអីហ្នឹងខ្ញុំប្រយ័ត្នខ្លាំងដែរទាំងការរុំដៃឱ្យបានល្អនិងការពារខ្លួនពេលគេទាត់ម្ដងៗ ” ។

បែបណាក្ដីអ្នកចាំទីធ្លាប់ឈ្នះពានសម្ដេចតេជោ ១ លើកនិងពានលីគកំពូល ៤ លើករូបនេះអះអាងថានឹងព្យាយាមសម្រួលផ្លូវចិត្តរបស់ខ្លួនឱ្យបានប្រសើរដើម្បីជាទំនុកចិត្តក្នុងការបង្ហាញខ្លួនលើទីលានលៃយ៉ាងណាឱ្យបានទាន់ការប្រកួត មិត្តហ្វូនខេមបូឌានលីគ រដូវកាលថ្មី ២០១៩ ដែលខិតជិតចូលមកដល់នេះ ។

គួររំឭកផងដែរថា ស៊ូ យ៉ាទី បានរងរបួសប្រេះឆ្អឹងប្រអប់ដៃឆ្វេងក្នុងជំនួបបិទរដូវកាលរវាងក្លឹប ណាហ្គាវើលដ៍និងក្លឹប វិសាខា នាខែ កញ្ញា ឆ្នាំទៅ ។ របួសនេះធ្វើឱ្យគេបាត់បង់ឱកាសចូលរួមជាមួយក្រុមជម្រើសជាតិប្រជែងព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ AFF Suzuki Cup ឆ្នាំ ២០១៨ ៕

ដោយ៖តារា

ប្រភព :
CNCC
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី