ពពែ! រវាង Ronaldo និង Messi តើនរណាជាអធិរាជស៊ុតបាល់ហ្វ្រីឃីកច្រើនជាងគេបំផុត?

60428
  • ការប្រកួតប្រជែងរវាង Lionel Messi និង Cristiano Ronaldo នៅតែបន្តមិនស្រាកស្រាម បើទោះបីជាពួកគាត់ឈនៅកម្រិតកំពូលជិត ២០ឆ្នាំមកហើយយ៉ាងណាក្ដី។
    អស់រយៈពេលជិតពីរទសវត្សរ៍មកហើយដែលសមរភូមិរវាង Messi និង Ronaldo តែងតែឡើងកម្ដៅជានិច្ច ទាំងការស៊ុតបាល់បញ្ចូលទី និងកំណត់ត្រាជាច្រើនផ្សេងទៀត។ ស្ដេចបាល់ទាត់អាហ្សង់ទីន និងព័រទុយហ្គាល់ អ្នកទាំងពីរនឹងត្រូវបានគេចងចាំជារៀងរហូត ព្រោះតែសមិទ្ធិផលដែលស្ទើរតែគ្មាននរណាអាចធ្វើដូចបាន។ ដោយគិតមកទល់ពេលនេះ កីឡាករទាំងពីរបានស៊ុតបញ្ចូលទីលើស ៧០០ គ្រាប់ហើយនៅក្នុងអាជីពរបស់ពួកគាត់ម្នាក់ៗ។ Messi និង Ronaldo បានប្រឈមមុខដាក់គ្នាគ្រប់ផ្នែកទាំងអស់។ រួមមានដូចជាការស៊ុតបញ្ចូលទីបានច្រើនជាងគេនៅក្លិប និងជម្រើសជាតិ ស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងក្របខណ្ឌ Champions League និងគ្រាប់បាល់ប៉េណាល់ទីជាដើម។ ប៉ុន្តែស្ថិតិមួយទៀតក៏កំពុងប្រជែងគ្នាខ្លាំងផងដែរ ដោយគិតមកទល់ពេលនេះ តើរវាងអ្នកទាំងពីរនរណាជាអ្នកស៊ុតបាល់ Free-kick ច្រើនជាងគេ?
    បើយោងតាមទិន្នន័យរបស់ BeSoccer Pro បានបង្ហាញឱ្យដឹងថា បច្ចុប្បន្ន Lionel Messi កំពុងនាំមុខគេ Ronaldo នៅក្នុងកំណត់ត្រានេះ។ ទោះបីជា Cristiano Ronaldo បាននាំមុខមុននាពេលកន្លងក៏ដោយ ប៉ុន្តែកីឡាករអាហ្សង់ទីនខាងលើ បានផ្ដួលយកឈ្នះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោយពីតារាព័រទុយហ្គាល់ ឈានដល់ពេលវេលាធ្លាក់ចុះនៃអាជីពរបស់ខ្លួន។
    កីឡាកររបស់ក្លិប Al-Nassr បច្ចុប្បន្នកំពុងកាន់កំណត់ត្រាស៊ុត Free-kick ចំនួន ៦០ដងដែលតិចជាងម្ចាស់ពាន Ballon d’Or ៧សម័យកាល ចំនួន ២ដង ខណៈ Ronaldo ទើបតែស៊ុតបាល់ហ្វ្រីឃីកសម្រាប់ក្រុមអារ៉ាប៊ីសាអូឌីតកាលពីពីរសប្តាហ៍មុន និងស៊ុតបញ្ចូលទីសម្រាប់ព័រទុយហ្គាល់ផងដែរ។ ស្ថិតិការស៊ុតបាល់ Free-kick របស់ Cristiano មានដូចជា៖ ១៤ដងជាមួយ Manchester United, ៣២ដងជាមួយ Real Madrid, ១ដងជាមួយ Juventus, ១ដងជាមួយ Al-Nassr និង ១១ដងជាមួយព័រទុយហ្គាល់។ ចំណែកឯ Messi វិញបានស៊ុតបញ្ចូលទីសរុបចំនួន ៦២ដង ដោយ ៥០ដងជាមួយ Barcelona, ១០ដងជាមួយអាហ្សង់ទីន និង ២ដងជាមួយ PSG។
    Messi បានវ៉ាដាច់ Ronaldo យ៉ាងល្បឿនក្នុងរយៈពេលប៉ុន្មានរដូវកាលចុងក្រោយនេះ។ បើគិតត្រឹមរដូវកាល២០១៦-១៧ Ronaldo ស៊ុត Free-kick រហូតដល់ ៥២ដង ខណៈ Messi ធ្វើបានតែ ៣៣ដងប៉ុណ្ណោះ។ ដូច្នេះមានន័យថាក្នុងរយៈពេល ៤ រដូវកាលចុងក្រោយនេះ Ronaldo រកបានត្រឹម ៧ដងប៉ុណ្ណោះ ស្របពេល Messi ធ្វើបានរហូតដល់ទៅ ២៩ដង។ ប៉ុន្តែជាមួយគ្នានេះ ពួកយើងក៏មិនដឹងដែរថា តើនេះជាពេលវេលាចុងក្រោយសម្រាប់អ្នកទាំងពីរក្នុងស៊ុតបាល់ Free-kick ឬក៏នៅមានកំណត់ត្រាថ្មីៗទៀតនោះទេ ស្របពេលបច្ចុប្បន្ន Ronaldo មកលេងនៅតំបន់អាស៊ីជាមួយក្លិប Al-Nassr ខណៈ Messi ជិតផុតកុងត្រាជាមួយ PSG ហើយ៕ ដោយ៖ តារា

    ប្រភព :
    Besoccer
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី