
ក្លិប FC Barcelona កំពុងបង្ហាញចំណាប់អារម្មណ៍លើកំពូលខ្សែប្រយុទ្ធប្រចាំក្របខណ្ឌ Premier League។
នៅក្នុងរបាយការណ៍មួយរបស់វិទ្យុ Catalunya ដែលជាប្រភពអាចទុកចិត្តបាន បានអះអាងថា ថ្នាក់ដឹកនាំនៅ Barcelona ជឿថាក្លឹបត្រូវការចុះហត្ថលេខាលើប្រយុទ្ធស្លាបដែលមុតស្រួចម្នាក់ និងអាចស៊ុតបញ្ចូលទីបានច្រើន ក្នុងគោលបំណងដើម្បីធ្វើឱ្យប្រសើរឡើង សម្រាប់ទម្រង់លេងរបស់ពួកគេនៅក្នុងពានរង្វាន់ទ្វីបអឺរ៉ុប។
ប្រភពខាងលើបានបន្ថែមទៀតថា កីឡាករដែលក្លិបនៅតំបន់កាតាឡានចាប់អារម្មណ៍ច្រើនជាងគេ គឺមានដូចជា Mohamed Salah របស់ក្លិបហ្សងក្រហម Liverpool, Heung-min Son របស់ក្លិបមាន់ខ្នាយមាស Tottenham Hotspur និង Luis Diaz របស់ក្លិប Liverpool។
Catalunya បានលើកឡើងទៀតថា Barcelona ពិតជាចង់បានខ្សែប្រយុទ្ធថ្មីមកជួយក្រុមរបស់ខ្លួនពិតមែន ព្រោះបច្ចុប្បន្នក្រុមរបស់លោក Xavi តំបន់ប្រយុទ្ធហាក់មិនសូវមុតស្រួចដូចកាលពីសម័យដែលមាន Messi, Neymar និង Luis Suárez នោះទេ ប៉ុន្តែស្ថានភាពហិរញ្ញវត្ថុដ៏ស្មុគស្មាញរបស់ក្លិប ការចង់បានកីឡាករល្អៗបែបនេះ វាពិបាកខ្លាំងណាស់សម្រាប់ពួកគេ។
បើទោះបីជា Barcelona បង្ហាញទម្រង់លេងល្អឡើងវិញក្រោមការដឹកនាំរបស់លោក Xavi និងកំពុងដឹកនាំកំពូលតារាងនៃក្របខណ្ឌ La Liga ដោយដាច់ពិន្ទុក្រុមការពារតំណែងជើងឯក Real Madrid រហូតដល់ចំនួន ១២ពិន្ទុ តែពួកគេធ្វើមិនសូវបានល្អនៅពានអន្តរជាតិ។ ទោះធ្វើបានល្អនៅក្នុងការប្រកួតក្នុងស្រុកយ៉ាងណាក៏ដោយ ប៉ុន្តែ Barca ហាក់មិនទាន់មានសមត្ថភាពប្រកួតប្រជែងនៅពានអឺរ៉ុបនៅឡើយទេ គ្រាន់តែពានលំដាប់ទី២ អឺរ៉ុប Europa League ក៏ពួកគេបរាជ័យដែរ។ ដូច្នេះហើយខ្សែប្រយុទ្ធឆ្នើមៗដូចជា Salah និង Son ច្បាស់ណាស់ថា នឹងអាចជួយពួកគេបានច្រើនជាងនេះ៕
ដោយ៖ វិទូ