វីរបុរសម្នាក់ថា Man Utd គួរតែលក់ Sancho ចេញ ហើយនាំយកតារាជប៉ុន Mitoma មកជំនួសវិញ

34972
  • វីរបុរសក្រុម Manchester United លោក Paul Parker បានប្រាប់ទៅកាន់ក្លឹបចាស់របស់គាត់ថា គួរតែលក់កីឡាករ Jadon Sancho ចេញនៅរដូវក្តៅនេះ ហើយចុះហត្ថលេខាលើកីឡាកររបស់ក្លិប Brighton ខ្សែប្រយុទ្ធជនជាតិជប៉ុន Kaoru Mitoma វិញ។
    Sancho បានចូលរួមជាមួយ Man Utd នៅរដូវក្តៅឆ្នាំ២០២១ ដែលបានក្លាយជាការចុះហត្ថលេខាដែលមានតម្លៃថ្លៃបំផុតទី៣ គ្រប់ពេលវេលា នៅពេលដែលគាត់បានបញ្ចប់ការផ្ទេរពី Borussia Dortmund ក្នុងតម្លៃ ៨៥លានអឺរ៉ូ ប៉ុន្តែកីឡាករអន្តរជាតិអង់គ្លេសរូបនេះ ហាក់ធ្វើមិនសូវបានល្អប៉ុន្មានទេនៅលើទឹកដី Old Trafford។
    ទាំងក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer និងលោក Ralf Rangnick ខ្សែបម្រើអង់គ្លេសរូបនេះ បង្ហាញទម្រង់លេងមិនល្អទាស់តែសោះ ហើយនៅក្រោមការដឹកនាំរបស់លោក Erik ten Hag ក៏ Sancho នៅតែមិនមានអ្វីលេចធ្លោគួរចាប់អារម្មណ៍សមនឹងតម្លៃនោះទេ។ ដូច្នេះហើយលោក Parker និយាយថាវាដល់ពេលហើយសម្រាប់ក្រុមបីសាចក្រហម លក់តារារូបនេះចេញ ហើយយកគ្រាប់ពេជ្រអាស៊ីមកជំនួសវិញ។
    លោក Parker បាននិយាយអំពី Mitoma ថា៖ “ខ្ញុំពិតជាចូលចិត្តគាត់ណាស់។ ខ្ញុំចង់ឃើញគាត់នៅ Man United ប៉ុន្តែបន្ទាប់មកពួកគេត្រូវលក់ខ្សែបម្រើស្លាបរបស់ពួកគេចេញ ហើយពួកគេគួរតែលក់ Jadon Sancho ចោលទៅ។ ខ្ញុំចង់បាន Mitoma នៅក្នុងក្រុមជាង Sancho”។
    គួរជម្រាបជូនផងដែរថា Man Utd ធ្លាប់បាននាំយកកីឡាករអាស៊ីជាច្រើនរូបមកហើយ ដោយរួមមានកីឡាករដូចជា Park Ji-sung ក្នុងឆ្នាំ ២០០៥ និង Shinji Kagawa ក្នុងឆ្នាំ២០១២។ ហើយត្រូវបានចាត់ទុកថា ជាកីឡាករអាស៊ីដ៏ជោគជ័យបំផុត សម្រាប់ក្រុមបីសាចក្រហមផងដែរ។ Mitoma បានស៊ុតបញ្ចូលទីបាន ៩ គ្រាប់ក្នុងការប្រកួតទាំងអស់ក្នុងរដូវកាលនេះ សម្រាប់ក្រុម Brighton៕ ដោយ៖ វិទូ

    ប្រភព :
    footballtransfers
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី