Ronaldo បន្តកំណត់ត្រាដ៏អស្ចារ្យស៊ុតបញ្ចូលទីយ៉ាងតិច ២០ គ្រាប់ក្នុង ១៣ រដូវកាលចុងក្រោយ

17582
  • Cristiano Ronaldo នៅតែបង្ហាញកម្រិតជាកីឡាករកំពូលនៅក្នុងពិភពលោក បន្ទាប់ពីគាត់បានរកគ្រាប់បាល់ទី ២០ របស់ខ្លួននៃរដូវកាលដំបូងសម្រាប់ក្លឹប Juventus ខណះរូបគេស៊ុតមួយគ្រាប់ជួយឲ្យក្រុមយកឈ្នះក្រុម Sassuolo ក្នុងលទ្ធផលយ៉ាងជាទីគាប់ចិត្ត ៣-០ កាលពីយប់ថ្ងៃអាទិត្យនេះ ។

    Cristiano Ronaldo  ជាអ្នកស៊ុតគ្រាប់ទី ២ សម្រាប់ Juventus ក្នុងការទទួលជ័យជម្នះ ៣-០ នៅក្នុងកីឡដ្ឋាន MAPEI ដើម្បីបន្តឈរនៅកំពូលតារាងនៃក្របខ័ណ្ឌ Serie A ដែលបានវ៉ាដាច់គេរហូតដល់ ១១ ពិន្ទុ ។ មានន័យថាកីឡាករវ័យ ៣៤ ឆ្នាំរូបនេះបានរកគ្រាប់បាល់យ៉ាងហោចណាស់ចំនួន ២០ គ្រាប់នៅក្នុងគ្រប់ការប្រកួតទាំងអស់នៅក្នុងរយះ ១៣ រដូវកាលចុងក្រោយ ។ វាគឺជាកម្រិតដ៏អស្ចារ្យមួយនៃការបង្ហាញភាពរឹងមាំរបស់កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះដែលមិនបានបង្ហាញសញ្ញានៃការធ្លាក់ចុះ បើទោះបីជារូបគេមានវ័យកាន់ច្រើនឡើងយ៉ាងក្ដី ។

    ការចាប់ផ្តើមដំបូងដ៏គួរឲ្យចាប់អារម្មណ៍របស់គាត់នៅទឹកដីប្រទេសអ៊ីតាលី មានន័យថាគាត់នៅតែជាបេក្ខភាពកំពូលក្នុងការប្រជែងដណ្ដើមពានរង្វាន់ Ballon d’Or ជាលើកទី ៦ ក្នុងរយះពេល ១១ ឆ្នាំចុងក្រោយមកនេះ បន្ទាប់ពីគាត់បានក្លាយជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតនៅលើពិភពលោក ។ ពេលវេលាចុងក្រោយដែល Ronaldo បរាជ័យក្នុងការបំបែកកំណត់ត្រារកគ្រាប់ ២០ គ្រាប់គឺនៅរដូវកាល ២០០៥-០៦ នៅពេលដែលគាត់ស៊ុតបញ្ចូលទីបានត្រឹមតែ ១២ គ្រាប់នៅក្នុងរដូវកាលទី ៣ របស់គាត់នៅ Manchester United ។ កីឡាករដែលមានរហ័សនាមថា CR7 រូបនេះបានរកគ្រាប់បាល់ចំនួន ១១៨ គ្រាប់ក្នុងការបង្ហាញខ្លួន ២៩២ ប្រកួតសម្រាប់ក្រុមបិសាចក្រហម Manchester United ដោយបានឈ្នះពានរង្វាន់ធំៗចំនួន ៩ មុនពេលដែលផ្ទេរទៅកាន់ក្លឹប Real Madrid ក្នុងរដូវក្តៅឆ្នាំ ២០០៩ ។

    ការស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំរូបនេះនៅប្រទេសអេស្ប៉ាញកាន់តែគួរឲ្យចាប់អារម្មណ៍ បន្ទាប់ពីស៊ុតបញ្ចូលទីបាន ៣៣ គ្រាប់ក្នុងរដូវកាលដំបូងរបស់គាត់នៅក្លឹប Real Madrid ហើយគាត់មិនដែលរកគ្រាប់បាល់តិចជាង ៤២ គ្រាប់នោះទេក្នុងមួយរដូវកាលនៅអធិរាជស និងការស៊ុតបញ្ចូលទីច្រើនបំផុតគឺការរកបាន ៦០ គ្រាប់ក្នុងរដូវកាល ២០១១-២០១២ និង ៦១ គ្រាប់ក្នុងរដូវកាល ២០១៤-២០១៥ ។

    Cristiano Ronaldo ក៏បានក្លាយជាអ្នករកគ្រាប់បាល់បានច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប Real Madrid ដោយស៊ុតបញ្ចូលទីបានចំនួន ៤៥០ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៣៨ លើកដោយជួយឱ្យក្លិបយក្សអេស្ប៉ាញមួយនេះឈ្នះពានរង្វាន់ធំៗ ចំនួន ១៥ រួមមានពានក្របខ័ណ្ឌ La Liga ពីរដង និងពានរង្វាន់ក្របខ័ណ្ឌ Champions League ចំនួន ៤ លើក មុនពេលផ្លាស់ទៅកាន់ក្លឹបសេះបង្កង់ Juventus កាលពីដើមរដូវកាលនេះ ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី