សហព័ន្ធប្រដាល់សាកល កម្ពុជា បានចាប់ដៃជាមួយក្លិបប្រដាល់ដ៏ធំមួយរបស់ជប៉ុន

12924

សហព័ន្ធប្រដាល់សាកលកម្ពុជាពេលនេះបានចាប់ដៃជាមួយក្លិបប្រដាល់ដ៏ធំមួយរបស់ប្រទេសជប៉ុនគឺក្លិប Motohashi Boxing Gym ។

​ជាមួយនឹងការចាប់ដៃគ្នានាព្រឹកថ្ងៃទី ១០ ខែកុម្ភៈ លោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធប្រដាល់សាកលកម្ពុជា និង លោក Motohashi Yukiharuដែលជាប្រធានក្លិបប្រដាល់ Motohash iBoxing Gym បានចុះអនុស្សារណៈយោគយល់គ្នា (MOU) ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍ប្រដាល់សាកលកម្ពុជា និង ក្លិបប្រដាល់សាកល Motohashi Boxing Gym នាទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

​ពិធីចុះហត្ថលេខានេះធ្វើឡើងដោយមានការចូលរួមពីសំណាក់លោក Yumi Susuki លេខាទី ១ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និង សមាជិកប្រតិបត្តិរបស់សហព័ន្ធប្រដាល់សាកលកម្ពុជា ។ ​MOU ដែលមានតម្លៃរយៈពេល ៥ ឆ្នាំនេះកម្ពុជានឹងប្រើវាដើម្បីពង្រីកសមត្ថភាពប្រដាល់សាកលកម្ពុជារយៈពេលវែងគឺរហូតដល់ស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ។ ការបណ្ដុះបណ្ដាលគ្រូបង្វឹកការបញ្ជូនអ្នកប្រដាល់ជប៉ុនមកប្រកួតសាកល្បងសមត្ថភាពជាមួយអ្នកប្រដាល់កម្ពុជា ការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ។

​លោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន បានអះអាងថាសម្រាប់ស៊ីហ្គេមលើកទី ៣០ នាចុងឆ្នាំ ២០១៩ នៅប្រទេសហ្វីលីពីនសហព័ន្ធនឹងបញ្ជូនអ្នកប្រដាល់មួយចំនួនទៅហ្វឹកហាត់នៅប្រទេសជប៉ុនហើយបន្ទាប់មកឲ្យពួកគេបន្តដំណើរទៅស៊ីហ្គេមតែម្ដង ។ ​នៅពេលរដូវប្រមូលផ្ដុំកីឡាជម្រើសជាតិមកដល់សហព័ន្ធនឹងពិភាក្សាជាមួយមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានិងក្រសួងអប់រំយុវជន និង កីឡាអំពីការបញ្ជូនពួកគេទៅហ្វឹកហាត់នៅជប៉ុន ។ សហព័ន្ធក៏គិតគូពីឆ្នាំ ២០២១ និង ពិសេសឆ្នាំ ២០២៣ តែម្ដង ។

​ជាមួយនឹងការចុះMOU នេះក្លិបប្រដាល់ Motohashi Boxing Gym បានផ្ដល់ប្រាក់ជាទ្រនាប់ដៃសម្រាប់ជួសជុលអគារប្រដាល់និង សង្វៀនប្រដាល់សាកលចំនួន ២.០០០ ដុល្លា ព្រមទាំងសម្ភារៈហ្វឹកហាត់មួយចំនួនធំដល់សហព័ន្ធប្រដាល់សាកលកម្ពុជាទៀតផង ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី