ក្រសួងមហាផ្ទៃក្រសោបបានមេដាយមាសច្រើនជាងគេក្នុងពានរង្វាន់សម្តេចក្រឡាហោម ស ខេង

7001

ក្រុមសមាគមន៍កីឡាក្រសួងមហាផ្ទៃ ក្រសោបបានមេដាយមាសច្រើនជាងគេ ក្នុងការប្រកួតកីឡាសូហ្វតិន្នីស ដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី ៦ ប្រចាំឆ្នាំ ២០១៩ ។

ខណៈក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ បានឈ្នះមេដាយប្រាក់ ២ និងសំរឹទ្ធ ៤ ក្លិបក្រសួងការពារជាតិ បានឈ្នះមេដាយប្រាក់ ១ សំរឹទ្ធ ២ ក្លិបខេត្តកំពង់ស្ពឺឈ្នះបានមេដាយសំរឹទ្ធ ២ និង ក្លិបជប៉ុនបានឈ្នះមេដាយសំរឹទ្ធ ១ ប៉ុន្តែក្លិបខេត្តកំពង់ឆ្នាំង និងក្លិបអង្គការមិត្តសម្លាញ់ មិនដណ្តើមបានមេដាយពីការប្រកួតនេះទេ ។

ក្នុងចំណោមមេដាយមាសទាំង ៧ នោះកីឡាករឆ្នើម កាន់ សោភ័ណ្ឌ បានឈ្នះមេដាយមាស ២ តែម្នាក់ឯងនៅក្នុងការប្រកួតក្របខ័ណ្ឌក ១ ខណៈរូបគេបានយកឈ្នះលើមិត្តរួមក្រុម អន សម្បត្តិ ក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីឈ្នះបានមេដាយមាសទី ២ បន្ថែមទៅលើការឈ្នះមេដាយមាសលើវិញ្ញាសាវាយគូជាមួយ ឯក ចំរើន នោះ ។

ឯកឧត្តម សេនីយ៍ឯក ជា ប៊ុនហេង អនុប្រធានទី ១ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានថ្លែងថា៖ ” ការប្រកួតនេះវាបានផ្តល់នូវបទពិសោធថ្មីៗបន្ថែមទៀតទៅដល់អត្តពលិករបស់យើងក្នុងការពង្រឹងសមត្ថភាពឲ្យកាន់តែល្អ ហើយគិតមកដល់ពេលនេះសម្តេចក្រឡាហោម ស ខេង ជាប្រធានសហព័ន្ធបានឧបត្ថម្ភយ៉ាងច្រើនក្នុងការជួយជំរុញឲ្យកីឡាសូហ្វតិន្នីសកម្ពុជាឲ្យមានការរីកចម្រើនយ៉ាងខ្លាំង និងដណ្តើមបានមេដាយជាបន្តបន្ទាប់នៅលើឆាកអន្តរជាតិ ” ។

សូមបញ្ជាក់ថា ការប្រកួតកីឡាសូហ្វតិន្នីស ដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី ៦ ឆ្នាំ ២០១៩ គឺមានអត្តពលិកចំនួន ៩០ នាក់ ( ស្រី ២៥ នាក់ ) មកពីក្លិបសមាគមចំនួន ៦ បានចូលរួម ហើយជាលទ្ធផល ក្រុមអត្តពលិករបស់ក្រសួងមហាផ្ទៃបានឈ្នះមេដាយមាសទាំង ៧ វិញ្ញាសាទាំងលើការប្រកួតក្របខ័ណ្ឌក ២ និង ក ១ រួមជាមួយមេដាយប្រាក់ ៤ និងសំរឹទ្ធចំនួន ៥ ទៀត ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី