
យោងតាមការសែត ‘Mundo Deportivo’ កីឡាករ Cristiano Ronaldo មិនចង់ស្នាក់នៅប្រទេសអារ៉ាប៊ីសាអូឌីតទៀតទេ។
កីឡាករអន្តរជាតិព័រទុយហ្គាល់ ចង់ចាកចេញពីក្លិប Al Nassr នៅចុងបញ្ចប់នៃរដូវកាលនេះ បើទោះបីជាមានកិច្ចសន្យារយៈពេល ២ ឆ្នាំកន្លះក៏ដោយ។ Cristiano Ronaldo ហាក់សប្បាយចិត្តធម្មតាទេក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ប៉ុន្តែមានចរចាមអារ៉ាមនិយាយថា គាត់ចង់ត្រឡប់ទៅអឺរ៉ុបវិញ។
យោងតាមអ្នកការសែត ‘Abendzeitung’ លោក Markus Schon ដែលជាសហគ្រិនអាល្លឺម៉ង់ដ៏ល្បីល្បាញបានប្រាប់ទៅកាន់ក្លិប Bayern Munich ថាគាត់នឹងបង់ថ្លៃសម្រាប់កីឡាករអន្តរជាតិព័រទុយហ្គាល់ខាងលើ ប្រសិនបើក្លិបយក្សអាល្លឺម៉ងខាងលើចង់ចុះហត្ថលេខាជាមួយ Ronaldo។
លើសពីនេះ យោងតាមការសែត ‘Mundo Deportivo’ ខ្សែប្រយុទ្ធមិនចង់បន្តលេងឱ្យក្លិប Al Nassr ហើយទំនងជាចាកចេញពីក្លឹបអារ៉ាប៊ីសាអូឌីត នៅចុងបញ្ចប់នៃរដូវកាលនេះ បើទោះបីជាមានកិច្ចសន្យារយៈពេល ២ ឆ្នាំកន្លះក៏ដោយ ខណៈរូបគេជាកីឡាករដែលកើបប្រាក់ឈ្នួលខ្ពស់បំផុត នៅក្នុងពិភពបាល់ទាត់។
មនុស្សជិតស្និតនឹងអតីតកីឡាករ Real Madrid បាននិយាយជាសាធារណៈថា ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ មិនពេញចិត្តនឹងសង្គមអារ៉ាប៊ីសាអូឌីតទេ ព្រោះវាមានភាពខុសគ្នាខ្លាំងពីទំនៀមទំលាប់អឺរ៉ុប។ អ្នកទាំងអស់គ្នាដឹងហើយថា តំបន់អារ៉ាប់ជាទីកន្លែងមានច្បាប់រស់នៅដ៏តានតឹង មិនមែនធ្វើអ្វីក៏បានដូចនៅតំបន់អឺរ៉ុបនោះទេ។
ទោះជាយ៉ាងណាក៏ដោយ Ronaldo នឹងមិនមានភាពងាយស្រួលក្នុងការស្វែងរកក្លិបថ្មី នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយដដែលបានរាយការណ៍ថា កីឡាករវ័យ ៣៨ឆ្នាំនឹងត្រូវសងសំណងទៅឱ្យក្លិប Al Nassr ប្រសិនបើគាត់ចាកចេញពីក្លឹបដោយគ្មានហេតុផល៕ ដោយ៖ វិទូ