
ក្រោយបញ្ចប់រដូវកាលដ៏សែនអាប់អួរបំផុតរបស់ខ្លួន Chelsea ត្រៀមបញ្ចេញកីឡាករស្ទើរតែមួយក្លិបចោលតែម្ដង បើទោះបីជាពួកគេបានចំណាយលុយច្រើនមហាសាលនាំយកក៏ដោយ។
កីឡាករចំនួន ១២ នាក់អាចនឹងចាកចេញពីក្លិប Chelsea នៅរដូវក្តៅនេះ ដោយសារក្លឹបមានបំណងរុះរើសក្រុមរបស់ពួកគេក្នុងលក្ខណៈទ្រុងទ្រាយធំ។ ជាមួយនឹងក្រុមតោខៀវផ្តល់កិច្ចសន្យារយៈពេលវែងដល់កីឡាករជាច្រើនរបស់ពួកគេ មានតែកិច្ចព្រមព្រៀងរបស់ខ្សែបម្រើបារាំង N’Golo Kante ប៉ុណ្ណោះ នឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។
ទោះយ៉ាងណាក៏ដោយ នៅរដូវក្តៅក្រោយពោលគឺនៅឆ្នាំ២០២៤ កីឡាករឆ្នើមៗជាច្រើនដូចជា Mason Mount, Mateo Kovacic, Christian Pulisic, Loftus-Cheek, Cesar Azpilicueta, Pierre-Emerick Aubameyang និង Thiago Silva សុទ្ធតែអស់កុងត្រាជាមួយក្លិបយក្សអង់គ្លេសមួយនេះ។
ការសែតដ៏ល្បីរបស់អង់គ្លេស The Evening Standard បានរាយបញ្ជីឈ្មោះកីឡាករទាំងអស់ដែលបានរៀបរាប់ខាងលើថា ជាកីឡាករដែលអាចចាកចេញពីក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ នៅរដូវក្តៅនេះ លើកលែងតែខ្សែការពារជើងចាស់អន្តរជាតិប្រេស៊ីល Thiago Silva ម្នាក់ប៉ុណ្ណោះ ដែលអាចនឹងបន្តជួយក្លិបមួយរដូវកាលទៀត បើទោះបីជាគាត់មានវ័យជ្រេរជិត ៤០ឆ្នាំហើយយ៉ាងណាក៏ដោយ។
របាយការណ៍បន្ថែមបានលើកឡើងទៀតថា Conor Gallagher, Hakim Ziyech, Trevoh Chalobah, Kalidou Koulibaly, Edouard Mendy, Levi Colwill, Romelu Lukaku និង Callum Hudson-Odoi គឺជាកីឡាករក្នុងចំណោមកីឡាករ ដែលអាចចាកចេញពីកីឡដ្ឋាន Stamford Bridge ក្រោយបញ្ចប់រដូវកាល២០២២-២៣នេះ។
ស្របពេល Chelsea បានជះលុយជាង ៦០០លានដុល្លារលើសការនាំយកកីឡាករថ្មីៗជាច្រើនក្នុងរដូវកាលនេះ ប៉ុន្តែពួកគេបែរជាជួបរដូវកាលមិនល្អទៅវិញ សូម្បីតែកៅអីពានលំដាប់ទី៣ អឺរ៉ុបក៏ក្លិបដែលមានរហ្ស័សនាមថា តោខៀវមួយនេះមិនអាចប្រជែងយកបានផង។ ទើបនេះជាកត្តាដែលធ្វើឱ្យ Chelsea ត្រៀមរុះរើសក្រុមសារជាថ្មី ខណៈក្លិបមួយនេះមិនទាន់រកបានគ្រូបង្វឹកជាក់លាក់បាននៅឡើយទេ៕
ដោយ៖ តារា