ក្រោយមានកៅអីនៅ UCL ក្លិបអ្នកមាន Newcastle ដាក់គោលដៅដំបូងទៅលើ Joao Félix

38746
  • Joao Félix ដែលកំពុងលេងនៅក្នុងប្រទេសអង់គ្លេស កំពុងត្រូវបានក្លិបអ្នកមានជាន់ថ្មី Newcastle ត្រៀមលុយធំក្នុងការនាំយក។
    Joao Félix នឹងវិលត្រលប់ទៅកាន់ប្រទេសអេស្ប៉ាញវិញនៅរដូវក្តៅនេះ បន្ទាប់ពីបញ្ចប់ការខ្ចីជើងមិនជោគជ័យនៅទីក្រុងឡុងដ៍ ជាមួយ Chelsea ខណៈក្លិបអង់គ្លេសមួយនេះហាក់គ្មានបំណងចង់បន្ត ជាមួយតារាព័រទុយហ្គាល់រូបនេះទៀតនោះឡើយ។
    ជាមួយនឹងកិច្ចសន្យាដែលមានសុពលភាពរហូតដល់ឆ្នាំ ២០២៧ និងការវិនិយោគក្នុងចំនួនទឹកប្រាក់ ១០០លានអឺរ៉ូ វានឹងមិនងាយស្រួលទេដែលក្លិបដើមរបស់គាត់ Atlético de Madrid អនុញ្ញាតឱ្យខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ចាកចេញក្នុងលក្ខខណ្ឌងាយស្រួលៗ ឬក្នុងតម្លៃថោកៗនោះទេ។
    យោងតាមសារព័ត៌មាន TodoFichajes បានអះអាងថាពេលនេះ Newcastle គឺជាបេក្ខភាពសំខាន់មួយក្នុងការចាប់អារម្មណ៍ ចង់ចុះហត្ថលេខាលើតារាវ័យក្មេងព័រទុយហ្គាល់រូបនេះ។ បន្ទាប់ពីដណ្ដើមបានកៅអីការប្រកួតក្របខណ្ឌ Champions League មហាសេដ្ឋីអារ៉ាប៊ីសាអូឌីតដែលគ្រប់គ្រងក្លឹប Newcastle ចង់ធ្វើការវិនិយោគដ៏ធំមួយនៅរដូវក្តៅនេះ ហើយសិស្សប្អូនរបស់ Cristiano Ronaldo រូបនេះអាចជាជម្រើសទី១ ដែលចូលរួមក្នុងគម្រោងថ្មីរបស់ក្លិបអ្នកមានមួយនេះ។
    សូមឱ្យដឹងផងដែរថា ក្រោយពីកាន់កាប់ដោយមហាសេដ្ឋីលុយពាន់លានមកពីអារ៉ាប៊ីសាអូឌីត ក្លិបដែលទន់ខ្សោយមួយនៅអង់គ្លេស Newcastle បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយទម្រង់លេងដ៏ល្អយ៉ាងឆាប់រហ័ស និងប្រជែងបានកៅអីពានរង្វាន់លំដាប់ទី១ អឺរ៉ុប Champions League សម្រាប់រដូវកាលក្រោយ ដោយឈរទាំងនៅលើ Liverpool, Spurs និង Chelsea ថែមទៀតផង៕ ដោយ៖ វិទូ

    ប្រភព :
    Todofichajes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី