
Cristiano Ronaldo ធ្លាប់បានទស្សន៍ទាយកីឡាករដែលនឹងស្នងតំណែងគាត់ជា កីឡាករល្អបំផុតក្នុងពិភពលោក ប៉ុន្តែការរំពឹងទុករបស់គាត់មិនអាចកើតឡើងដូចការព្យាករណ៍ទុកនោះទេ។
Ronaldo លែងជាកីឡាករល្អជាងគេលើលោកទៀតហើយ ប៉ុន្តែកាលពីឆ្នាំ២០១៧ គាត់បានឈរលើគេនៅលើពិភពលោក។ តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះ បានជួយ Real Madrid ឱ្យឈ្នះជើងឯកលីគ និង Champions League នៅក្នុងរដូវកាល២០១៦-១៧ ខណៈដែលមួយឆ្នាំពេញនោះគាត់បានស៊ុតបញ្ចូលទីបាន ៥៣ គ្រាប់នៅក្នុងការប្រកួតទាំងអស់។
ចំណែកឯពានរង្វាន់បុគ្គល Ronaldo ក៏បានឈ្នះពានរង្វាន់ Ballon d’Or ពានរង្វាន់ FIFA’s The Best និងពានរង្វាន់ UEFA Player of the Year ពោលគឺប្រមូលទាំងអស់តែម្ដង។ បន្ទាប់ពីបញ្ចប់រដូវកាលដ៏អស្ចារ្យនៅក្នុងឆ្នាំ២០១៧ នោះ Ronaldo ត្រូវបានសួរថាតើកីឡាករណាខ្លះដែលគាត់គិតថា ថ្ងៃណាមួយអាចស្នងតំណែងខ្លួនក្លាយជាកីឡាករល្អបំផុតរបស់ពិភពលោក?
កាលពី ៦ឆ្នាំមុន Ronaldo បាននិយាយថា នៅជំនាន់ក្រោយមានកីឡាករយ៉ាងហោចណាស់ ១០ នាក់ដែលមានសក្តានុពលខ្លាំងក្លាយជាកីឡាករលំដាប់កំពូល។ ចង់ដឹងថាមានកីឡាករណាខ្លះស្ថិតនៅក្នុងបេះដូងរបស់កំពូលខ្សែប្រយុទ្ធជើងចាស់រូបនេះ ដែលលោកធ្លាប់បានព្យាករណ៍ថាជាយុវជនជំនាន់ថ្មី ហើយលោកទាយត្រូវប៉ុន្មាន ខុសប៉ុន្មាន តោះយើងទៅដឹងទាំងអស់គ្នា៖
១-Marco Asensio
កីឡាករអេស្ប៉ាញរូបនេះ ធ្លាប់បានបង្ហាញភាពលេចធ្លោខ្លាំងកាលពីគេនៅក្មេង ប៉ុន្តែពេលនេះអ្វីៗហាក់បង្ហាញថា Asensio មិនអាចក្លាយជាកីឡាករកំពូលដូច Ronaldo ព្យាករណ៍នោះទេ។
២-Kylian Mbappe
កីឡាករវ័យក្មេងដែល Ronaldo ទស្សន៍ទាយត្រូវបំផុតនោះគឺ Mbappe នេះឯង។ ខ្សែប្រយុទ្ធរូបនេះបានក្លាយជាកីឡាករលំដាប់កំពូលបាត់ទៅហើយនាពេលបច្ចុប្បន្ននេះ ជាពិសេសបានជួយបារាំងគ្រងតំណែងជើងឯក World Cup ឆ្នាំ២០១៨ និងឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រជាថ្មីកាលពីឆ្នាំ២០២២កន្លងទៅផងដែរ។
៣-Neymar
ធាតុពិតទៅ Neymar ត្រូវបានគេចាត់ទុកថា ជាកីឡាករកំពូលម្នាក់ហើយ ដូច្នេះការរំពឹងទុករបស់ Ronaldo ក៏ត្រឹមត្រូវផងដែរ បើទោះបីជានាពេលបច្ចុប្បន្នគាត់ហាក់ជួបអាជីពមិនសូវល្អ នាប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ។
៤-Ousmane Dembele
បើនិយាយទៅលើទម្រង់លេងរបស់ Dembele គឺអាចចាត់ទុកថាល្អលំដាប់ដែរ។ ប៉ុន្តែដោយសារបញ្ហារបួសជាញឹកញាប់ពេក ធ្វើឱ្យកីឡាករបារាំងរូបនេះហាក់ពិបាកឡើងដល់កម្រិតកំពូលណាស់។
៥-Eden Hazard
Hazard គឺជាកីឡាករល្អបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០១៨ ប៉ុន្តែនៅពេលដែលគាត់បានផ្លាស់ទៅ Real Madrid ក្នុងឆ្នាំ ២០១៩ ដើម្បីទៅជំនួស Ronaldo អ្វីគ្រប់យ៉ាងបានធ្លាក់ចុះគួរឱ្យភ្ញាក់ផ្អើលទៅវិញ។ បញ្ហារបួស និងទម្រង់លេងមិនល្អធ្វើឱ្យ Hazard ធ្វើឱ្យគេស្ទើរតែមិនបានលេងទាស់តែសោះនៅ Real Madrid។
៦-Marcus Rashford
ដូច Dembele និង Mbappe ដែរ Rashford លេចធ្លោខ្លាំងនៅពេលចាប់ផ្តើមអាជីពដំបូងៗកាលពីក្មេង ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គាត់បានតស៊ូជាមួយរបួស និងទម្រង់លេងអន់ថយ។ ប៉ុន្តែ Rashford បានស្វែងរកអាជីពស្រស់ថ្លាឡើងវិញនៅរដូវកាលនេះ ក្រោមការដឹកនាំរបស់លោក Erik ten Hag។ ប៉ុន្តែជាធម្មតាទម្រង់លេងរបស់ Rashford មួយឆ្នាំកាត់មួយឆ្នាំកោរប៉ុណ្ណោះ៕ ដោយ៖ តារា