
បើយោងតាមរបាយការណ៍របស់ ‘Relevo’ បានឱ្យដឹងថា Marco Asensio នឹងមិនទទួលយកសំណើបន្តកិច្ចសន្យាថ្មីរបស់ក្លិប Real Madrid ទេ។
កីឡាករអេស្ប៉ាញវ័យ ២៧ ឆ្នាំខាងលើនឹងបញ្ចប់ពេលវេលារបស់គាត់ចំនួន ៧រដូវកាលនៅទឹកដី Santiago Bernabeu ។ យោងតាមព័ត៌មានដែលលាតត្រដាងដោយ ‘Relevo’ បានទម្លាយថា Marco Asensio នឹងបដិសេធសំណើបន្តកុងត្រាថ្មីរបស់ Real Madrid ហើយនឹងចាកចេញពីក្លឹបបន្ទាប់ពីចាយពេល ៧ រដូវកាលក្នុងនាមជាតួរាយរងប៉ុណ្ណោះនៅក្លិបយក្សមួយនេះ។
កាលពីកន្លងទៅ អ្វីគ្រប់យ៉ាងហាក់ដូចជាបង្ហាញថា ខ្សែបម្រើប្រយុទ្ធស្លាបវ័យ ២៧ ឆ្នាំរូបនេះនឹងបន្តនៅជាមួយក្លិបអធិរាជស Real Madrid ប៉ុន្មានរដូវកាលទៀត។ ភ្នាក់ងាររបស់ Asensio លោក Jorge Mendes និងក្លឹបសាម៉ីបានពិភាក្សាគ្នាអស់ជាច្រើនខែ ដើម្បីព្យាយាមរក្សាចំណងស្នេហ៍ជាមួយគ្នាបន្តទៀត ប៉ុន្តែនៅទីបំផុត ពួកគេបានសម្រេចចែកផ្លូវគ្នាត្រឹមនេះ។
ដំបូងឡើយ Real Madrid បានផ្ដល់ជូនសំណើជាលើកដំបូងក្នុងអំឡុងពេលការប្រកួត World Cup នៅប្រទេសកាតា ប៉ុន្តែអ្វីៗហាក់ដូចជាមិនអាចទៅរួច។ ក្លឹបបានទទួលស្គាល់ទម្រង់លេងដ៏ល្អរបស់គាត់ បើទោះបីជាមិនសូវប្រើប្រាស់ខ្សែប្រយុទ្ធរូបនេះក៏ដោយ ខណៈ Asensio បានស៊ុតបញ្ចូលទីចំនួន ១២គ្រាប់ និងបញ្ចូនបាល់ឱ្យគេស៊ុត ៨លើក ប៉ុន្តែតារាអេស្ប៉ាញខាងលើ ចង់ស្វែងរកឱកាសថ្មីល្អជាងនេះ ដើម្បីធ្វើឱ្យខ្លួនក្លាយជាកីឡាករលេចធ្លោម្នាក់នៅលើពិភពលោក។
ប្រភពបាននិយាយថា ហេតុផលចម្បងដែល Asensio ចាកចេញគឺគ្រាន់តែចង់បានពេលវេលាលេងច្រើនជាងនេះប៉ុណ្ណោះ។ ខ្សែប្រយុទ្ធរូបនេះមិនស្ថិតក្នុងជម្រើស ១១នាក់ដំបូងក្នុងការប្រកួតសំខាន់ៗទាំងអស់របស់ក្លិបឡើយ ដោយភាគច្រើនគ្រាន់តែជាកីឡាករប្ដូរជំនួសគេប៉ុណ្ណោះ។ សម្រាប់ហេតុផលនេះ គាត់នឹងស្វែងរកតួនាទីសំខាន់ជាងនេះនៅក្លិបថ្មីផ្សេង ជាជាងបន្តធ្វើត្រឹមជាតួរងនៅក្លិបយក្ស Real Madrid៕
ដោយ៖ តារា