អាស៊ីកាន់តែក.ក្រើក! Karim Benzema មកលេងនៅអារ៉ាប៊ីសាអូឌីតជាផ្លូវការហើយ

28682
  • ផ្លូវការហើយ Karim Benzema បានចុះកិច្ចសន្យាលេងឱ្យក្លឹបអារ៉ាប៊ីសាអូឌីត Al Ittihad រហូតដល់ឆ្នាំ ២០២៦។
    អតីតខ្សែប្រយុទ្ធក្រុម Real Madrid ដែលបាននិយាយលាក្លឹបកាលពីថ្ងៃអង្គារ ឥឡូវនេះគឺជាកីឡាករថ្មីនៅលីគអារ៉ាប៊ីសាអូឌីត ។ ពាក្យដំបូងរបស់ Benzema សម្រាប់ក្រុមម្ចាស់ជើងឯកលីគកំពូលអារ៉ាប៊ីសាអូឌីត ដែលទើបនឹងឡើងគ្រងតំណែងជើងឯកនាពេលថ្មីៗនេះ ក្រោមការដឹកនាំរបស់លោក Nuno Espirito Santo ដោយនិយាយថា៖ “ខ្ញុំទន្ទឹងរង់ចាំជួបអ្នកនៅ Jeddah” ។
    Karim Benzema នឹងរកបានប្រហែល ៤០០ លានអឺរ៉ូសម្រាប់រយៈពេល ២ រដូវកាល បូករួមទាំងប្រាក់រង្វាន់ប្រហែល ២០ លានអឺរ៉ូសម្រាប់ការធ្វើជាទូតសុឆន្ទៈសម្រាប់ការដេញថ្លៃធ្វើជាម្ចាស់ World Cup 2030 បូករួមទាំងព័ត៌មានលម្អិតបន្ថែម ដែលនឹងត្រូវបានបង្ហាញនៅពេលខាងមុខ។ កីឡាករសញ្ជាតិបារាំង បានទៅដល់ក្លឹបថ្មីរបស់គាត់ហើយ បន្ទាប់ពីបាននិយាយលាដល់អតីតក្លឹប Real Madrid របស់គាត់។
    ខ្សែប្រយុទ្ធរូបនេះបាននិយាយក្នុងពិធីលាគ្នាជាមួយ Real Madrid ថា៖ “ខ្ញុំចង់បញ្ចប់អាជីពរបស់ខ្ញុំនៅ Real Madrid ប៉ុន្តែពេលខ្លះជីវិតផ្តល់ឱ្យអ្នកនូវឱកាសមួយផ្សេងទៀត។ វាជាការសម្រេចចិត្តដ៏លំបាកមួយ ដែលខ្ញុំបានធ្វើជាមួយក្រុមគ្រួសាររបស់ខ្ញុំ។ ប៉ុន្តែខ្ញុំនឹងមិនភ្លេច Real Madrid ឡើយ”។
    កីឡាករសញ្ជាតិបារាំងលេខ៩ រូបនេះបានចុះហត្ថលេខាជាភ្នាក់ងារឥតគិតថ្លៃ បន្ទាប់ពីមិនបន្តកុងត្រាថ្មីជាមួយ Real Madrid ដែលត្រូវផុតសុពលភាពចាប់ពីថ្ងៃទី ៣០ ខែមិថុនានេះតទៅ។ ទូរទស្សន៍រដ្ឋអារ៉ាប៊ីសាអូឌីត Al Ijbariya បានប្រកាសពីការមកដល់របស់ខ្សែប្រយុទ្ធរូបនេះ ក្រោមវត្តមានប្រធានក្លឹប Al Ittihad លោក Anmar al Haeli និងអនុប្រធាន Ahmad al Kaaki ដើម្បីចុះហត្ថលេខាជាផ្លូវការជាមួយ Benzema ក្នុងកិច្ចព្រមព្រៀងកំណត់ត្រា។
    ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ Karim Benzema បានក្លាយជាកីឡាករថ្មីរបស់ក្លិប Al Ittihad បន្ទាប់ពីចាយពេលចំនួន ១៤ រដូវកាលនៅក្លិបអធិរាជស Real Madrid ។ Benzema បានឈ្នះពានរង្វាន់ចំនួន ២៥ រួមទាំង Champions League ៥ ដង, ពាន La Liga ៤ ដង និង Copa del Rey បីដង ហើយក៏ឈ្នះ Ballon d’Or នៅឆ្នាំ២០២២ ខណៈ Benzema ជាអ្នកស៊ុតបញ្ចូលទីច្រើនលំដាប់ទី២ នៅក្នុងប្រវត្តិសាស្ត្រ Real Madrid ផងដែរ ជាមួយការបង្ហាញខ្លួន ៦៤៧លើក និងស៊ុតបញ្ចូលទី ៣៥៣គ្រាប់៕ ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី