
Chelsea ត្រូវបានគេរាយការណ៍ថា បានបើកការពិភាក្សាជាមួយ Paris Saint-Germain ជុំវិញការផ្លាស់ប្តូរសម្រាប់ Neymar ខណៈ Manchester United, Arsenal និង Newcastle ក៏ចាប់អារម្មណ៍ចង់បានផងដែរ។
Neymar មានចរចាមអារ៉ាមជាច្រើនជាមួយនឹងការចាកចេញពីក្រុមម្ចាស់ជើងឯកបារាំង នៅមុនទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ។ កីឡាករវ័យ ៣១ ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន ១១៨ គ្រាប់ក្នុងការបង្ហាញខ្លួន ១៧៣ លើកសម្រាប់ PSG និងបានជួយក្លឹបឈ្នះពានរង្វាន់ Ligue 1 ចំនួន ៥ ដង។
ក្រោយ Lionel Messi និង Sergio Ramos បានប្រកាសចាកចេញពីក្លិបបារាំងខាងលើ តារាប្រេស៊ីលខាងលើត្រូវបានគេរំពឹងថា នឹងចាកចេញពីក្លិប PSG ផងដែរ ខណៈគាត់មិនសូវជោគជ័យសោះនៅលើទឹកដីប្រទេសបារាំង ដោយភាគច្រើនរងបួសមិនសូវបានលេង។
Newcastle ដែលកាន់កាប់ដោយមហាសេដ្ឋីអារ៉ាប៊ីសាអូឌីត ស្ថិតក្នុងចំណោមក្លឹបដែលមានពាក្យចចាមអារ៉ាមថា ចាប់អារម្មណ៍ក្នុងការផ្ទេរយក Neymar ដើម្បីត្រៀមប្រកួតប្រជែងពានលំដាប់ទី១ អឺរ៉ុប Champions League។ Neymar ក៏ត្រូវបានគេផ្សាភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរដ៏គួរឲ្យភ្ញាក់ផ្អើលទៅកាន់ Arsenal ប៉ុន្តែ Man United ហាក់ដូចជាអ្នកនាំមុខគេដែលបានបើកការចរចាជាមួយ PSG។
ប៉ុន្តែបើយោងតាមរបាយការណ៍ថ្មីនៅក្នុងប្រទេសបារាំង ពេលនេះ Chelsea ក៏បានបើកការពិភាក្សាជាផ្លូវការជាមួយ PSG ជុំវិញការផ្ទេរ Neymar ផងដែរ។ PSG ត្រូវបានគេគិតថានឹងបើកលក់ Neymar ខណៈដែលពួកគេចង់ចុះហត្ថលេខាលើ Bernardo Silva ពី Manchester City វិញ។
ម្ចាស់ក្លឹប Chelsea លោក Todd Boehly ចង់នាំយក Neymar មកកាន់កីឡដ្ឋាន Stamford Bridge ជាច្រើនខែមកហើយ និងថែមទាំងបានណាត់ជួបក្រៅផ្លូវការជាមួយប្រធានក្លឹប PSG លោក Nasser al Khelaifi ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរដ៏មានសក្តានុពលមួយនៅក្នុងខែកុម្ភៈផងដែរ។ ក្រុមតោខៀវបានចំណាយប្រាក់ជាង ៦០០ លានផោន លើការនាំយកកីឡាករថ្មី ចាប់តាំងពីលោក Boehly មកជំនួសលោក Roman Abramovich កាលពីឆ្នាំ២០២២៕
ដោយ៖ វិទូ