ឥទ្ធិពលមិនធម្មតា! IG ក្លិប Inter Miami ហក់កើនឡើងភ្លូកទឹកភ្លូកដី ក្រោយឮ Messi មក

24501
  • បណ្ដាញសង្គមរបស់ក្លិប Inter Miami កំពុងទទួលបានការតាមដានភ្លូកទឹកភ្លូកដី ក្រោយការប្រកាសចូលរួមពីសំណាក់កំពូលខ្សែប្រយុទ្ធ Lionel Messi។
    កំពូលកីឡាករអាហ្សង់ទីន Lionel Messi មិនទាន់ត្រូវបានបង្ហាញខ្លួនជាផ្លូវការនៅឯអាមេរិក Inter Miami នៅឡើយទេ ប៉ុន្តែក្រុមថ្មីថ្មោងនៃក្របខណ្ឌ MLS កំពុងទទួលបានអត្ថប្រយោជន៍ដ៏មហិមាពីឥទ្ធិពលកីឡាករល្អបំផុត នៅក្នុងប្រវត្តិសាស្ត្រពិភពបាល់ទាត់ ក្រោយប្រកាសការចុះហត្ថលេខាលើអតីតតារា Barcelona និង PSG រូបនេះ។
    បើនិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Instagram ក្លិបរបស់វីរបុរស Man Utd និងអង់គ្លេសលោក David Beckham បានហក់កើនឡើងអ្នកតាមដានថ្មីគួរឱ្យភ្ញាក់ផ្អើលរហូតដល់ជិត ៧ លាននាក់ ចាប់តាំងពីកីឡាករអាហ្សង់ទីនបានបញ្ជាក់ថា គាត់នឹងចាកចេញពីអឺរ៉ុបទៅលេងសហរដ្ឋអាមេរិក។
    កាលពីមិនទាន់មានវត្តមាន Messi បណ្ដាញសង្គមខាងលើមានអ្នកតាមដានត្រឹមតែ ១លាននាក់ប៉ុណ្ណោះ ខណៈកើនឡើងជិត ៦លាននាក់ត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ គិតបើគិតត្រឹមព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ ហើយតួលេខត្រូវបានគេរំពឹងថា នឹងកើនឡើងច្រើនជាងនេះទៅទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
    Messi បានបញ្ចប់ការផ្ទេរដោយឥតគិតថ្លៃទៅកាន់ Inter Miami ដែលជាក្លិបបាល់ទាត់របស់សហរដ្ឋអាមេរិក។ Messi នឹងក្លាយជាកីឡាកររបស់ក្លឹប Inter Miami ជាផ្លូវការ នៅពេលដែលកុងត្រារបស់គាត់នៅ PSG ផុតកំណត់នៅចុងខែមិថុនានេះ។ វីរបុរសអាហ្សង់ទីនបានច្រានចោលការវិលត្រឡប់ទៅកាន់ក្លឹប Barcelona និងការផ្ទេរក្នុងតម្លៃដ៏មហិមាទៅកាន់ក្លិប Al Hilal នៃប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីផ្លាស់ប្តូរទៅកាន់ទីក្រុង Miami របស់សហរដ្ឋអាមេរិក៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី