Benzema ប្រាប់ពីហេតុផលចម្បងសម្រាប់ការផ្លាស់ទៅអារ៉ាប៊ីសាអូឌីត មិនមែនដោយសារលុយទេ

27979
  • ត្រឹមតែពីរថ្ងៃបន្ទាប់ពីការផ្លាស់ទៅ Al-Ittihad កីឡាករ Karim Benzema បានផ្ដល់បទសម្ភាសន៍ជាមួយប៉ុស្តិ៍ផ្លូវការរបស់ក្លឹបដើម្បីពន្យល់ពីហេតុផល សម្រាប់ការផ្លាស់ទៅមជ្ឈឹមបូព៌ា មិនមែនក្រោមហេតុផលទឹកលុយនោះទេ។
    មនុស្សជាច្រើនបាននិយាយថា ការដែលកំពូលខ្សែប្រយុទ្ធបារាំង Karim Benzema សម្រេចចិត្តផ្ទេរមកលេងនៅតំបន់អាស៊ី កត្តាធំគឺមកពីការទទួលបានទឹកប្រាក់ដ៏ច្រើនមហាសាល ពីសំណាក់ក្លិបអារ៉ាប៊ីសាអូឌីត Al-Ittihad ក្នុងតម្លៃខ្ពស់បំផុត។ បើទោះបីជាមានចរចាមអារ៉ាមខ្លះនិយាយថា ក្លិបអារ៉ាប៊ីសាអូឌីត ផ្ដល់ជូនកីឡាករបារាំងរូបនេះក្នុងតម្លៃ ៤០០លានអឺរ៉ូក្នុងរយៈពេល ២រដូវកាលក៏ដោយ ប៉ុន្តែប្រភពច្បាស់ការណ៍មួយបានបញ្ជាក់ថា Benzema នឹងទទួលបានប្រាក់បៀវត្សរ៍ ១០០ លានអឺរ៉ូក្នុងមួយរដូវកាល រួមជាមួយនឹងប្រាក់រង្វាន់ ២០ លានអឺរ៉ូសម្រាប់ការធ្វើជាទូតសុឆន្ទៈសម្រាប់ការដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួត World Cup ឆ្នាំ២០៣០ នេះបើយោងតាមការសែត Marca ។
    Benzema បានបញ្ជាក់ពីមូលហេតុដែលខ្លួនផ្លាស់ទៅលេងនៅតំបន់អារ៉ាប់ថា៖ “ខ្ញុំជាមូស្លីម ហើយវាជាប្រទេសមូស្លីម។ ខ្ញុំតែងតែចង់រស់នៅទីនោះ។ ខ្ញុំបានទៅអារ៉ាប៊ីសាអូឌីតរួចហើយ ហើយខ្ញុំមានអារម្មណ៍ល្អនៅទីនោះ”។
    កីឡាកររូបនេះបានបញ្ជាក់ទៀតថា៖ “អ្វីដែលសំខាន់បំផុតនោះគឺថា វាជាប្រទេសមូស្លីមជាទីស្រឡាញ់និងស្រស់ស្អាត។ នៅពេលដែលខ្ញុំនិយាយទៅកាន់គ្រួសាររបស់ខ្ញុំ អំពីការផ្លាស់ប្តូររបស់ខ្ញុំទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ពួកគេទាំងអស់សប្បាយរីករាយណាស់ ហើយខ្ញុំនៅទីនេះ សម្រាប់ខ្ញុំ វាជាកន្លែងដែលខ្ញុំចង់ទៅ”។
    ជាមួយគ្នានេះ Benzema ក៏បាននិយាយអំពីឥទ្ធិពល Ronaldo ផងដែរថា៖ “វាក៏សំខាន់ផងដែរដែល Cristiano Ronaldo ស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ពីព្រោះគាត់គឺជាកីឡាករដ៏សំខាន់ម្នាក់។ គាត់បាននាំមកនូវជាច្រើនដល់បាល់ទាត់ក្នុងប្រទេសនេះ ហើយវានឹងបង្កើនកម្រិតនៃការលេងរបស់គាត់កាន់តែខ្លាំង”។
    Karim Benzema បានប្រកាសចូលរួមជាមួយក្លិប Al Ittihad បន្ទាប់ចាកចេញពីក្លិប Real Madrid ក្រោយចំណាយពេល ១៤រដូវកាល ជាមួយសុពលភាពរហូតដល់ឆ្នាំ២០២៥ ដែលមានជម្រើសបន្ថែមចំនួនរដូវកាលទៀត។ ចំណែកឯខ្សែបម្រើបារាំង N’Golo Kante របស់ Chelsea ក៏បានដើរតាមគន្លងមិត្តរួមជាតិបារាំង Benzema ផងដែរ៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី