
Barcelona នៅតែត្រូវបង់ប្រាក់ឱ្យ Lionel Messi រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីការចាកចេញរបស់គាត់ ហើយនឹងបន្តធ្វើដូច្នេះរហូតដល់ឆ្នាំ២០២៥។
ប្រធានក្លឹប Barcelona លោក Joan Laporta បានទម្លាយថាក្លឹបនៅមានកុងត្រាក្នុងការបង់ប្រាក់អោយ Messi រយៈពេលពីរឆ្នាំទៀត។ នោះគឺទោះបីជា Messi ដែលបច្ចុប្បន្នជាកីឡាកររបស់ក្លិប Inter Miami ដោយបានចាកចេញផ្លាស់ទៅក្លិបបារាំង Paris Saint-Germain កាលពីឆ្នាំ២០២១ ហើយមិនអាចវិលត្រឡប់ទៅកាន់កីឡដ្ឋាន Camp Nou វិញនៅរដូវក្តៅនេះ។
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអេស្បាញ Cadena SER នៅពេលពិភាក្សាអំពីរបៀបដែល Barca ខកខានក្នុងការនាំយក Messi ត្រឡប់ទៅវិញ លោក Laporta ត្រូវបានគេសួរថា តើក្លឹបនៅតែជំពាក់លុយកីឡាករដែរឬទេ? ហើយលោកបានទម្លាយគ្រប់យ៉ាងអំពីបញ្ហាទាំងនេះ។ ការជួបបញ្ហាផ្នែកហិរញ្ញវត្ថុរបស់ក្លឹបបានធ្វើឱ្យពួកគេមិនអាចផ្តល់ជូន Messi នូវកិច្ចសន្យាមួយទៀតដែលអាចធ្វើឱ្យម្ចាស់ពាន Ballon D’or ៧សម័យកាលខាងលើ មកលេងនៅអេស្បាញវិញនៅរដូវក្តៅនេះ។
ប្រធានក្លិប Barcelona បានបញ្ជាក់ពីស្ថានភាពនេះថា៖ “តើយើងនៅជំពាក់លុយ Messi ទេ? រឿងតែមួយគត់ដែលយើងជំពាក់គឺការពន្យាពេលបើកប្រាក់ខែ ដែលត្រូវបានយល់ព្រមជាមួយក្រុមប្រឹក្សាភិបាលមុនរបស់ក្លឹប។ ដែលនេះធ្វើឱ្យការបង់ប្រាក់នឹងត្រូវបញ្ចប់នៅឆ្នាំ២០២៥។ យើងកំពុងព្យាយាមបង់ឱ្យគាត់”។
ក្រោយបរាជ័យវិលត្រឡប់ទៅកាន់ក្លិបចាស់ Barcelona វិញ Messi ទទួលបានការផ្តល់ដំណើរដ៏មហិមាពីក្លិបនៅអារ៉ាប៊ីសាអូឌីតដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ ប៉ុន្តែត្រូវបាន Messi បដិសេធ នៅពេលគាត់ចាកចេញពីក្លិប Paris Saint-Germain នៅចុងរដូវកាលកន្លងទៅនេះ។ ផ្ទុយទៅវិញ ខ្សែប្រយុទ្ធអាហ្សង់ទីនខាងលើ បានចុះហត្ថលេខាលើកិច្ចសន្យាដែលមានតម្លៃចន្លោះពី ១២៥លានដុល្លារ ទៅ ១៥០លានដុល្លារជាមួយក្លិបអាមេរិក Inter Miami ដែលមានរយៈពេលពីរឆ្នាំកន្លះ។
សូមរម្លឹកថា Lionel Messi បានប្រកបអាជីពជាមួយក្លិប FC Barcelona តាំងពីកុមារភាពមកម្លេះ ដោយបានក្លាយជាកីឡាករល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រក្លិប ជាមួយនឹងជោគជ័យធំបំផុត ដោយបានឈ្នះពានរាប់មិនអស់រួមទាំង ការឈ្នះជើងឯក Laliga ចំនួន ១០លើក Champions League ៤ដង និងពានរង្វាន់ផ្សេងៗទៀត មុននឹងចាកចេញនៅក្នុងឆ្នាំ២០២១៕ ដោយ៖ តារា