កង្វះទីលានស្តង់ដា និងសម្ភារៈហ្វឹកហាត់ គឺជាកត្តារាំងស្ទះសិទ្ធផលសម្រាប់អត្តពលិកកីឡាបាល់បោះជនពិការ

8517

កង្វះទីលានស្តង់ដា និងសម្ភារៈហ្វឹកហាត់ គឺជាកត្តារាំងស្ទះសិទ្ធផល សម្រាប់អត្តពលិកកីឡាបាល់បោះជនពិការ ថ្លែងបញ្ជាក់បែបនេះ ក្នុងការប្រកួតជ្រើសរើសកីឡាករ កីឡាការិនីទ្រង់ទ្រាយធំ ស្រាប់ក្រុមជម្រើសរើសជាតិ ប្រចាំឆ្នាំ ២០១៩ រយៈពេលជាង ១០ ថ្ងៃ លើ ១០ ប្រភេទកីឡា បន្ទាប់ពីប្រកាសរំសាយ ឆ្នាំ ២០១៨ កាលពីពេលកន្លងទៅ នៅមជ្ឈមណ្ឌលជាតិប៉ារ៉ាឡាំពិក តេជោសែន ។

ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា គូសបញ្ជាក់ថា ការប្រកួតជ្រើសរើសសម្រិតសម្រាំងគុណភាព កីឡាករ កីឡាការិនី ពិការមានចំនួន ១០ ប្រភេទកីឡារួមមាន៖ កីឡាបាល់បោះជនពិការភ្នែក, លើកទម្ងន់, បាល់ ទះអង្គុយ, ហែលទឹក, បាញ់ធ្នូ, វាយកូនឃ្លីលើតុ, អត្តពលកម្ម, ប៊ូស្យា, បាល់បោះជិះរទេះ និងប្រភេទកីឡាបាល់ទាត់ចលករខួរក្បាល ដែលកំពុងដំណើរការប្រកួតជាបន្តបន្ទាប់ នៅទីលានផ្សេងៗគ្នា ដូចជា មជ្ឈមណ្ឌលជាតិជនពិការតេជោសែន ក្លឹបហាត់ប្រាណម៉ាហ្វីត ពហុកីឡដ្ឋានជាតិមរតកតេជោ ពហុកីឡដ្ឋានជាតិ មណ្ឌលស្តារខេត្តកំពង់ស្ពឺ និងនៅមណ្ឌលស្តារខេត្តបាត់ដំបងជាដើម ។

កីឡាករជនពិការឆ្នើម វ៉ាន់ សុខវាត បានបញ្ជាក់ថា កត្តារាំងស្ទះធ្វើអោយសិទ្ធផលរបស់ពួកគេ គឺកង្វះទីលានស្តង់ដា និងសម្ភារៈសម្រាប់ហ្វឹកហាត់ ម្យ៉ាងទៀតក៏បានធ្វើឲ្យកីឡាកររងរបួសផងដែរ ។ វ៉ាន់ សុខវាត បន្ថែមថា ព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី ៩ នៅម៉ាឡេស៊ី ក្រុមអត្តពលិកបាល់បោះជនពិការកម្ពុជា មានសិទ្ធផលប្រហាក់ប្រហែលជាមួយប្រទេសហ្វីលីពីន ប៉ុន្តែយើងចាញ់គេត្រង់ ច្បាប់ការប្រកួត បច្ចេកទេស ជាពិសេសសនោះគឺភាសា ។

ឯកឧត្តម យី វាសនា បញ្ជាក់បន្ថែមថា បន្ទាប់ពីជ្រើសរើសបានក្រុមជម្រើសជាតិហើយ អត្តពលិកទាំងអស់ត្រូវប្រមូលផ្តុំហ្វិកហាត់ ត្រៀមការប្រកួតក្នុងស្រុក ប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិ ជាពិសេសត្រៀមប្រកួតក្នុងព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម លើកទី ១០ នៅប្រទេសហ្វីលីពីន នាខែមករា ឆ្នាំ ២០២០ ខាងមុខនេះ ។

សូមបញ្ជាក់ថា ការប្រកួតជ្រើសរើសនេះក៏ជាគោលដៅចម្បង ក្នុងការបង្កើនគុណភាពនៃវិស័យកីឡាជនពិការកម្ពុជា ក្នុងដំណើរឆ្ពោះទៅរៀបចំទទួលធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី ១២ នាឆ្នាំ ២០២៣ ខាងមុខផងដែរ ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី