
អ្នកចាំទីរបស់ក្លិប Chelsea គឺកីឡាករ Thibaut Courtois ជឿជាក់ថាក្រុមតោខៀវនឹងអាចបញ្ចប់រដូវកាលដោយឈរក្នុងចំណោមក្រុមកំពូលតារាងទាំងបួន របស់ Premier League តែបានសារភាពថាវាក៏មិនមែនជារឿងងាយស្រួលនោះដែរ។
ក្រុមការពារជើងឯក Premier League មួយនេះហាក់ដូចជាកំពុងឈរមើលក្រុម Manchester City ដណ្តើមយកពានហើយរដូវកាលនេះ ដោយពេលនេះក្រុមរបស់លោក Pep Guardiola មានពិន្ទុះលើ Manchester United រហូត ១៣ ពិន្ទុ ឯណោះខណៈក្រុមនេះនៅមានការប្រកួតក្នុងដៃនៅឡើយ។
Antonio Conte បានដឹកនាំក្រុមដោយទទួលបរាជ័យលើក្រុម បីសាចក្រហមក្នុងលទ្ធផល ២-១ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ដែលពេលនេះក្រុមនេះកំពុងឈរនៅលេខរៀងទី ៥ និងមាន ២ ពិន្ទុទាបជាងក្រុមឈរលេខ ៤ គឺ Tottenham ក៏ប៉ន្តែ Courtois ជឿជាកថា ពួកគេនឹងអាចខំប្រឹងមកវិញហើយអាចរក្សាតំណែងក្នុងក្រុមដែលជាប់ជម្រើសទៅលេងនៅ Champions League ។
និយាយប្រាប់ Daily Mail Courtois និយាយថា “វានឹងនៅតែដដែល នោះគឺថាពិបាក”។
“សម្រាប់ក្រុម City វាហាក់ដូចជាបានដើរទៅឆ្ងាយទៅហើយ តែបើនិយាយពីក្រុមទី ២ ទី ៣ និង ទី ៤ គឺនៅមាន ៥ ក្រុមឯណោះ ដូច្ឆេះពិបាកថាដែរ គឺយើងត្រូវចាំមើលរហូតដល់ចប់រដូវកាល។
“តែខ្ញុំគិតថា ក្រុមយើងមានគុណភាពគ្រប់គ្រាន់ តែវាក៏មានអ្នកដែលដូចដែលយើងបានឃើញនៅលើទំព័រ។ ខ្ញុំគិតថាយើងជាក្រុមដ៏ល្អណាស់ តែក៏មានក្រុមខ្លាំងនៅជំវិញយើងដែវ”
ដោយ៖ តារា