Son Heung-min គឺជាកីឡាករល្អបំផុតម្នាក់នៅក្នុងក្របខ័ណ្ឌ Premier League នារដូវកាលនេះ

6149

បើយោងតាមលោក Jamie Carragher បានអះអាងថាខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Son Heung-min បានក្លាយជាកីឡាករដែលលេចធ្លោម្នាក់នៅក្នុងក្របខ័ណ្ឌ Premier League នារដូវកាលនេះ ។

ចាប់តាំងពីវិលត្រឡប់ពីការបំពេញកាតព្វកិច្ចជាមួយក្រុមជម្រើសជាតិកូរ៉េខាងត្បូងកាលពីចុងខែមករាកន្លងទៅនេះនៅក្នុងព្រឹត្តិការណ៍ AFC Asian Cup កីឡាករ Son បានស៊ុតបញ្ចូលទីរាល់ការប្រកួតសម្រាប់ក្លឹប Tottenham Hotspurs ទាំង ៤ លើកចុងក្រោយរួមទាំងស៊ុតបញ្ចូលទីទៅលើក្រុម Borussia Dortmund ក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ក្របខ័ណ្ឌ Champions League ។

អតីតខ្សែការពាររបស់ក្លិបហងក្រហម Liverpool លោក Carragher បាននិយាយប្រាប់ Goal Korea ថា៖ ” ខ្ញុំគិតថាគាត់ ( Son ) គឺជាកីឡាករល្អបំផុតនៅក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ។ មានការពិភាក្សាជាច្រើននៅរដូវកាលនេះថា Tottenham នឹងអវត្តមាន Kane និង Alli ប៉ុន្តែពួកគេមិនត្រូវខកខាននោះទេដោយសារតែ Son ។ Son កំពុងលេងយ៉ាងអស្ចារ្យនៅតំបន់ប្រយុទ្ធទាំងខាងឆ្វេងនិងខាងស្តាំ ” ។

លោក Carragher បន្ថែមថា៖ ” គាត់មានការចាប់ផ្តើមយ៉ាងល្អក្នុងអាជីពរបស់គាត់នៅប្រទេសអាល្លឺម៉ង់ ប៉ុន្តែនៅពេលគាត់បានមកដល់ Tottenham ជាលើកដំបូងអ្នកគាំទ្រខ្លះគិតថាគាត់នឹងក្លាយជាកីឡាករបម្រុងនៅក្នុងក្រុម ។ ប៉ុន្តែឥឡូវនេះគាត់បានបង្កើតខ្លួនឯងជាកីឡាករជម្រើសដំបូង ” ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី