Gerard Pique ទទូចឱ្យ Barcelona វិលទៅរកភាពល្អបំផុតរបស់ខ្លួនវិញពេលប៉ះក្លឹប Lyon

10885

Gerard Pique បាននិយាយថាក្លឹប FC Barcelona ត្រូវតែធ្វើឲ្យល្អបំផុតក្នុងជំនួបវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League ទល់នឹងក្លឹបយក្សរបស់បារាំង Lyon បន្ទាប់ពីបង្ហាញទម្រង់លេងមិនសូវបានល្អកាលពីយប់មិញបើទោះបីជាទទួលជ័យជម្នះក្នុងលទ្ធផល ១-០ ជាមួយនឹងក្រុម Real Valladolid ក៏ដោយ ។

ក្នុងការទទួលជ័យជម្នះយ៉ាងលំបាកក្នុងក្របខ័ណ្ឌ La Liga នេះគឺប្រធានក្រុមកំពូលខ្សែប្រយុទ្ធ Lionel Messi ជាអ្នកជួយឲ្យពួកគេទទួលបានបីពិន្ទុ ។ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានរកគ្រាប់បាល់ទី ៣០ របស់គេក្នុងយុទ្ធនាការនេះដែលជារដូវកាលទី ១១ ជាប់ៗគ្នាដែលរូបគេរកបានលើស ៣០ គ្រាប់ក្នុងមួយរដូវកាល ។ ការទទួលជ័យជម្នះនេះបានធ្វើឱ្យក្រុម Barca វ៉ាដាច់ក្រុមលេខ ២ ចំនួន ៧ ពិន្ទុដោយឈរនៅលើកំពូលតារាង បើទោះបីជាគម្លាតពិន្ទុនេះអាចនឹងត្រូវកាត់បន្ថយមកសល់ត្រឹម ៦ ពិន្ទុប្រសិនបើ Real Madrid ផ្តួលក្រុម Girona នារាត្រីថ្ងៃអាទិត្យនេះ ។

បើទោះបីជាការបង្កើនគម្លាតរបស់ពួកគេនៅក្នុងការប្រកួតក្របខ័ណ្ឌ La Liga យ៉ាងណាក៏ដោយក៏ខ្សែការពារកណ្ដាល Gerard Pique មិនសប្បាយចិត្តដែរ ។ កីឡាករវ័យ ៣២ ឆ្នាំរូបនេះបានសារភាពបន្ទាប់ពីការប្រកួតថា៖ ” វាមិនមែនជាការលេងដ៏ល្អបំផុតនោះទេ យើងមិនមែនជាក្លិប Barcelona ដែលយើងចង់បាននោះទេ ។ ព័ត៌មានល្អតែមួយគត់គឺជាជ័យជម្នះ ការត្រលប់ទៅរកវិធីឈ្នះ ប៉ុន្តែយើងត្រូវកែលម្អ ។ អារម្មណ៍មិនល្អហើយយើងត្រូវតែមានភាពល្អប្រសើរនៅថ្ងៃអង្គារ ( ជួបជាមួយ Lyon ) បើមិនដូច្នោះទេរឿងនឹងមិនដំណើរការល្អទេ ” ។

សូមរំលឹកផងដែរថា ក្រុមអ្នកមានបុណ្យ FC Barcelona នឹងត្រូវវិលត្រឡប់ទៅកាន់ការប្រកួតក្របខ័ណ្ឌ Champions League វិញ ខណះដែលពួកគេធ្វើដំណើរទៅកាន់ទឹកដីបារាំងដោយត្រូវប៉ះជាមួយក្រុមខ្លាំងក្របខ័ណ្ឌ Ligue 1 ក្លឹប Lyon នាព្រឹកយប់ថ្ងៃទី ២០ ខែកុម្ភះ ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី