
Cristiano Ronaldo បានចេញមកបញ្ជាក់ជាថ្មីម្ដងទៀតថា គាត់ចូលនិវត្តន៍ពីអាជីពបាល់ទាត់លុះត្រាតែជើងរបស់គាត់ប្រាប់ថា ទៅលែងរួចហើយ ស្របពេលខ្លាចាស់ព័រទុយហ្កាល់រូបនេះ កំពុងលេចធ្លោយ៉ាងខ្លាំងនៅលើទឹកដីអាស៊ី។
៩គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៦ប្រកួតដំបូងនៅក្នុងលីគអារ៉ាប៊ីសាអូឌីត Ronaldo បានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេទីពីរប្រចាំឆ្នាំ២០២៣នេះ ដោយរកបាន ៣៤ គ្រាប់តាមពីក្រោយតារាជើងស៊ុតវ័យក្មេង Erling Haaland ដែលរកបាន ៣៦ គ្រាប់ ខណៈនេះ Cristiano Ronaldo មានអាយុ ៣៨ ឆ្នាំទៅហើយ ស្របពេលខ្សែប្រយុទ្ធជើងចាស់ខាងលើកំពុងលេងឱ្យក្លិប Al Nassr របស់អារ៉ាប៊ីសាអូឌីត។
នាពេលថ្មីៗនេះ កីឡាករព័រទុយហ្គាល់រូបនេះបានបញ្ជាក់ថា គាត់នៅតែបន្តលេងបាល់ទាត់ជាច្រើនឆ្នាំទៀត។ Ronaldo បានបញ្ជាក់ថា៖ “ខ្ញុំនៅតែស្រលាញ់បាល់ទាត់ ទោះបីជាខ្ញុំមានអាយុច្រើនហើយក៏ដោយ ខ្ញុំចូលចិត្តលេង ស៊ុតបាល់បញ្ចូលទី និងឈ្នះការប្រកួត។ ខ្ញុំនឹងបន្តលេងរហូតដល់ជើងរបស់ខ្ញុំនិយាយថា ‘Cristiano វាចប់ហើយ’ ។ រហូតដល់ពេលនោះ ខ្ញុំនឹងបន្តលេង និងជួយក្រុមបន្តទៀត”។
Ronaldo កំពុងរីករាយជាមួយនឹងចុងបញ្ចប់នៃអាជីពរបស់គាត់ ក្រោយពីរកឃើញកន្លែងដែលអាចធ្វើឱ្យគាត់ស៊ុតបាល់បញ្ចូលទីស្ទើគ្រប់ប្រកួត។ អតីតកីឡាករ Real Madrid ក៏បានលើកសរសើរក្រុមអារ៉ាប៊ីសាអូឌីតផងដែរ។ ខ្សែប្រយុទ្ធជើងចាស់រូបនេះបាននិយាយថា៖ “យើងមានកីឡាករល្អៗ។ លីគកាន់តែល្អឡើងៗ ហើយប្រជាជនអារ៉ាប៊ីសាអូឌីតសមនឹងទទួលបានវា ព្រោះពួកគេជាមនុស្សអស្ចារ្យ”។
លីគអារ៉ាប៊ីសាអូឌីតបច្ចុប្បន្ននេះ កំពុងក្លាយជាលីគបាល់ទាត់មួយ ដែលមានការប្រកួតប្រជែងខ្លាំងមិនចាញ់នៅតំបន់អឺរ៉ុបប៉ុន្មាននោះទេ ក្រោយពីធ្វើការនាំយកកីឡាករលំដាប់ពិភពលោកល្បីៗជាច្រើននៅតាមក្លិបនីមួយៗ។ កត្តាដែលធ្វើឱ្យកីឡាករកំពូលៗជាច្រើនសម្រេចមកប្រកបអាជីពនៅលីគមួយនេះ ក៏មកការទទួលបានប្រាក់ឈ្នួលខ្ពស់កប់ពពក ខណៈវត្តមានរបស់ Cristiano Ronaldo នៅលើទឹកដីអាស៊ីយើងនេះ ក៏ជាចំណែកទាក់ទាញមួយផងដែរ៕
ដោយ៖ តារា