
យោងតាមកាសែតអេស្ប៉ាញ El Nacional បានឱ្យដឹងថាអតីតតារា FC Barcelona កីឡាករ Neymar មានបញ្ហារួចទៅហើយនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដោយសារតែគាត់បានឈ្លោះជាមួយគ្រូបង្វឹកលោក Jorge Jesus ហើយក្លឹបបច្ចុប្បន្នរបស់គាត់ Al-Hilal មិនសប្បាយចិត្តជាមួយខ្សែប្រយុទ្ធរូបនេះទេ។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានបង្ហាញពីបំណងចង់ចាកចេញពី Paris Saint-Germain នៅរដូវក្តៅកន្លងទៅនេះ ហើយប្រាថ្នាចង់បន្តលេងក្លឹបនៅតំបន់អឺរ៉ុបកាលពីដំបូងឡើយ។ យោងតាម RMC Sport បានលើកឡើងថា កីឡាករវ័យ ៣១ឆ្នាំត្រូវបានជូនដំណឹងដោយគ្រូបង្វឹកថ្មីលោក Luis Enrique និងនាយកកីឡាលោក Luis Campos ថាកីឡាករប្រេស៊ីលរូបនេះ មិនមែនជាផ្នែកនៃផែនការរបស់ពួកគេទៀតឡើយ ហើយថាក្លិបយក្សនៃក្របខណ្ឌ Ligue 1 ដែលគ្រប់គ្រងដោយមហាសេដ្ឋីកាតា ក៏មានបំណងចង់បញ្ចេញ Neymar ផងដែរ។
ជាមួយគ្នានេះ ដោយសារតែបញ្ហាហិរញ្ញវត្ថុរបស់ពួកគេ ក្លិប Barcelona មិនអាចទិញយក Neymar ត្រឡប់ទៅវិញ ឬគ្មានលទ្ធភាពបង់ប្រាក់ខែដ៏ច្រើនលើសលប់របស់កីឡាកររូបនេះនោះឡើយ។ ប៉ុន្តែនៅទីបំផុត Al-Hilal បានចំណាយប្រាក់ប្រមាណ ៩០លានអឺរ៉ូ (៩៦.២លានដុល្លារ) លើអតីតយុវជនរបស់ក្លិប Santos ដែលកាលពីសប្តាហ៍មុន បានបង្ហាញខ្លួនជាអាជីពដំបូងរបស់គាត់ទល់នឹងក្រុម Al-Riyadh ដោយបានរួមចំណែក Assists ពីរដងផងដែរក្នុងជ័យជម្នះ ៦-១ របស់ក្លិប Al-Hilal។
យោងតាម El Nacional បាននិយាយថា Neymar ស្ថិតនៅក្រោមការពិនិត្យមើលរបសក្លិប ដោយសារគាត់ហាក់ដូចជាមិនទាន់ធ្វើបានល្អទាស់តែសោះ។ លើសពីនេះទៅទៀត Neymar ទំនងជាមានការខ្វែងគំនិតគ្នាជាមួយលោក Jorge Jesus ដែលជាគ្រូបង្វឹករបស់ក្លិប Al-Hilal ថែមទៀត។ ដែលបញ្ហានេះកំពុងធ្វើឱ្យ Neymar ហាក់មិនសូវសប្បាយចិត្តនោះទេ ក្រោយមកលេងនៅអារ៉ាប៊ីសាអូឌីតមិនទាន់បានក្ដៅគូទផង។
គួរជម្រាបជូនផងដែរថា ក្រោយពីមានបញ្ហាជាមួយថ្នាក់ដឹកនាំក្លិប PSG មក Neymar បានសម្រេចចាកចេញពីទឹកដីនៃប្រទេសបារាំងនារដូវក្ដៅកន្លងទៅនេះ ដោយបានជ្រើសរើសទឹកដីអាស៊ីជាកន្លែងប្រកបអាជីពថ្មីរបស់ខ្លួនជាមួយក្លិបអារ៉ាប៊ីសាអូឌីត ក្រោយ Al-Hilal បានផ្ដល់ជូនតម្លៃផ្ទេរដល់ PSG ចំនួនជិត ១០០លានដុល្លារ ខណៈប្រាក់ឈ្នួល Neymar ក៏ទទួលបានច្រើនលើសលប់ផងដែរ ពោលគឺច្រើនជាងកាលពីនៅ PSG រហូតដល់ ៣-៤ដងឯណោះ។
ដោយមានប្រភពជាច្រើនបានអះអាងថា Neymar ទទួលបានប្រាក់ឈ្នួលរហូតដល់ទៅ ១៥០លានដុល្លារឯណោះក្នុងមួយឆ្នាំ បូករួមទាំងថ្លៃផ្សេងៗជាច្រើនទៀត ដូចជាការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៥ ដោយឥតគិតថ្លៃ, ភូមិគ្រិះតម្លៃរាប់លាន, ឡានប្រណិតជាច្រើនគ្រឿង និងអ្នកបម្រើផងដែរ៕ ដោយ៖ តារា