ចូលនិវត្តន៍មិនទាន់បានប៉ុន្មានផង! លោកព្រះ Zlatan ត្រៀមវិលចូលវិស័យបាល់ទាត់វិញ

26980
  • ខ្សែប្រយុទ្ធជើងចាស់ស៊ុយអែត Zlatan Ibrahimovic ដែលទើបចូលនិវត្តន៍ថ្មីៗនេះ អាចនឹងវិលមកលេងបាល់ទាត់វិញឆាប់ៗ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី។
    កីឡាករវ័យ ៤១ឆ្នាំបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានប្រកាសចូលនិវត្តន៍ពីបាល់ទាត់នៅរដូវក្តៅ បន្ទាប់ត្រលប់ទៅ AC Milan ជាលើកទីពីរ ក្រោយចាកចេញពីក្លិបអាមេរិក LA Galaxy ក្នុងឆ្នាំ២០១៩។ Ibrahimovic គឺជាផ្នែកមួយនៃក្រុម AC Milan ដែលបានឈ្នះជើងឯកអ៊ីតាលី Serie A សម្រាប់រដូវកាល២០២១/២០២២ ហើយទោះបីជាគាត់មានអាយុច្រើនក៏ដោយ Zlatan នៅតែអាចស៊ុតបញ្ចូលទីបាន ៣៤គ្រាប់ក្នុងការបង្ហាញខ្លួន ៦៤លើកក្នុងអំឡុងប្រកបអាជីពលើកទីពី នៅក្លិបយក្សប្រចាំទីក្រុងមីឡានមួយនេះ។
    ទោះបីជាយ៉ាងណាក៏ដោយ ការញាំញីដោយសាររបួសនៅទីបំផុត Ibrahimovic បានសម្រេចចិត្តបញ្ចប់អាជីពបាល់ទាត់ដ៏រុងរឿងរបស់គាត់កាលពីរដូវកាលមុន។ ប៉ុន្តែឥឡូវនេះ ត្រឹមតែប៉ុន្មានខែប៉ុណ្ណោះបន្ទាប់ពីចាកចេញពី AC Milan កីឡាករសញ្ជាតិស៊ុយអែតរូបនេះ អាចត្រលប់ទៅកាន់ក្លិប AC Milan វិញជាលើកទី៣ ប៉ុន្តែមិនមែនក្នុងនាមជាកីឡាករនោះទេ។
    បើយោងតាម Calciomercato បានអះអាងថា នាពេលថ្មីៗនេះកីឡាករវ័យ ៤២ឆ្នាំរូបនេះ ត្រូវបានគេប្រទះឃើញនៅឯទីលានហ្វឹកហាត់របស់ក្លិប AC Milan បន្ទាប់ពីពួកគេរងបរាជ័យក្នុងលទ្ធផល ៥-១ ដោយថ្វីជើងក្រុមរួមទីក្រុង Inter Milan។ យោងតាមរបាយការណ៍ ម្ចាស់ក្លឹបលោក Gerry Cardinale បានជួបជាមួយ Zlatan កាលពីសប្តាហ៍មុន ហើយបានរំលឹកឡើងវិញនូវបំណងប្រាថ្នាចង់ឱ្យខ្សែប្រយុទ្ធជើងចាស់រូបនេះត្រលប់ទៅផ្ទះវិញ។
    លើសពីនេះកូនៗរបស់ Ibrahimovic ក៏កំពុងលេងក្នុងប្រព័ន្ធយុវជនរបស់ក្លិប AC Milan ដូច្នេះការធ្វើការជាមួយក្លឹបម្តងទៀតនឹងសមហេតុផល ហើយការពិតដែលថាលោក Paolo Maldini បានចាកចេញពីតួនាទីជាគ្រូបង្វឹកក្រុមនាពេលថ្មីៗនេះ នោះមានន័យថា Zlatan អាចនឹងចូលរួមក្នុងក្រុមដឹកនាំរបស់ក្លិប។ ផែនការនេះនឹងត្រូវឱ្យអតីតកីឡាករ Barcelona ធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងគ្រូបង្វឹក ដោយដើរតួជាអន្តរការីរវាងក្រុម និងថ្នាក់ដឹកនាំក្លិប។
    ប៉ុន្តែជាមួយគ្នានេះ Ibrahimovic នឹងមិនប្រញាប់ប្រញាល់ធ្វើការសម្រេចចិត្តលើរឿងនេះនោះទេ។ អតីតកីឡាករ Manchester United ខាងលើចង់ចំណាយពេលរបស់គាត់ ដើម្បីវាយតម្លៃអ្វីគ្រប់យ៉ាងឱ្យល្អិតល្អន់សិន។ ហើយបើតាមប្រភពបានឱ្យដឹងថា ប្រធានក្លិប AC Milan និង Ibrahimovic នឹងជួបគ្នាម្តងទៀតនៅចុងឆ្នាំនេះ ដើម្បីពិភាក្សាអំពីប្រធានបទបន្ថែមទៀត។ ដូច្នេះពួកយើងនឹងរង់ចាំមើលថា តើលោកព្រះ Zlatan អាចវិលត្រឡប់មកកាន់វិស័យបាល់ទាត់វិញដែរឬទេ? ដោយ៖ វិទូ

    ប្រភព :
    footballtransfers
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី