មិនចង់បករុយនៅ PSG អ្នកចាំទី Keylor Navas ប្រហែលទៅលេងនៅអាមេរិកជាមួយ Messi

26425
  • អតីតអ្នកចាំទី Real Madrid Keylor Navas អាចនឹងផ្លាស់ទៅលេងនៅលីគសហរដ្ឋអាមេរិក ក្រោយហាក់ដូចជាអស់និស្ស័យនៅលើទឹកដីអឺរ៉ុប។
    Keylor Navas ហាក់បាត់បង់តួនាទីសំខាន់នៅទីក្រុងប៉ារីស ដោយត្រូវបានក្លិប PSG បញ្ជូនទៅលេងនៅក្លិបអង់គ្លេស Nottingham Forest ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីរដូវកាលមុន។ ទោះបីជា Navas មានកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ២០២៤ ក៏ពិតមែន ប៉ុន្តែការអង្គុយបករុយនៅ PSG ទំនងជាជម្រុញឱ្យអ្នកចាំទីរូបនេះចាកចេញនៅរដូវរងាខាងមុខនេះ។
    យោងតាមប្រភព TodoFichajes កីឡាករអន្តរជាតិកូស្តារីការូបនេះ នឹងមានការផ្តល់ជូនដើម្បីចូលរួមជាមួយក្លឹបអាមេរិក Nashville Soccer ។ នៅទីនោះ Navas នឹងមានឱកាសជួបជុំមិត្តរួមជាតិរបស់គាត់ ដែលជាតារាប្រចាំក្រុមគឺខ្សែបម្រើ Randall Leal ដែលកីឡាកររូបនេះអាចជាអ្នកជម្រុញឱ្យ Navas ផ្លាស់ទៅលេងនៅក្លិបដែលមានមូលដ្ឋាននៅរដ្ឋ Tennessee នេះផងដែរ។
    ជាមួយគ្នានេះ ក្លិប Nashville Soccer កំពុងស្វែងរកអ្នកចាំទីឆ្នើមម្នាក់ទៀត ដើម្បីប្រកួតប្រជែងជាមួយអ្នកចាំទីដៃចាស់ Joe Willis ក្នុងកៅអីជម្រើសដំបូង ហើយដោយគ្មានការសង្ស័យ Keylor Navas នឹងក្លាយជាបេក្ខភាពឈានមុខគេ ក្នុងជម្រើសតាមប្រមាញ់របស់ក្លិបអាមេរិកខាងលើ។
    ម៉្យាងវិញទៀត ក្លឹបបារាំង PSG បានជូនដំណឹងដល់ក្លិបអាមេរិក និងអ្នកចាំទីរួចរាល់ហើយថា ពួកគេនឹងមិនរារាំងដល់ការផ្លាស់ប្ដូរនេះនោះឡើយ ដូច្នេះហើយអតីតអ្នកចាំទី Real Madrid ខាងលើនឹងសម្រេចលើអនាគតរបស់គេនាពេលខាងមុខនេះ។ គួរឱ្យដឹងថា Keylor Navas បានចូលរួមជាមួយក្លិប PSG កាលពីឆ្នាំ២០១៩ ក្រោយចាកចេញពី Real Madrid៕ ដោយ៖ វិទូ

    ប្រភព :
    Todofichajes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី