
នាពេលថ្មីៗនេះ បានលេចឡើងបេក្ខភាពចំនួន ៥ដួងដើម្បីក្លាយជាអ្នកចាត់ការថ្មីរបស់ក្លិប Chelsea ក្រោយលោក Mauricio Pochettino ដឹកនាំបើករដូវកាលមិនបានល្អទាស់តែសោះ។
ការចាប់ផ្តើមដ៏អាក្រក់នៅរដូវកាលថ្មីនេះសម្រាប់ Chelsea ដោយពួកគេបានឈ្នះតែមួយប្រកួតប៉ុណ្ណោះនៅក្របខណ្ឌ Premier League គិតរហូតមកទល់ពេលនេះ ខណៈក្រុមរបស់លោក Pochettino កំពុងតែតស៊ូនឹងទម្រង់លេងដ៏អាប់អួររបស់ពួកគេ ក្នុងមួយរយៈចុងក្រោយនេះ។
តាមពិតទៅ Chelsea បាននាំយកអតីតគ្រូបង្វឹកក្លិប Spurs និង PSG លោក Pochettino មកជំនួសតំណែងលោក Graham Potter ដែលដឹកនាំបរាជ័យកាលពីរដូវកាលមុន។ ប៉ុន្តែទីបំផុត វត្តមានរបស់លោក Pochettino នៅតែមិនដូចការរំពឹងទុករបស់ពួកគេដដែល បែរជាធ្វើមិនបានល្អទាស់តែសោះនៅដើមរដូវកាល២០២៣/២០២៤នេះ។
ទីមួយក្នុងបញ្ជីសម្រាំងនេះគឺលោក Roberto De Zerbi ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងនាមជាគ្រូបង្វឹក Brighton នាពេលបច្ចុប្បន្ន ដោយបាននាំក្រុមទៅកាន់កម្រិតខ្ពស់ជាងលោក Potter ទៅទៀត។ ទីពីរនោះគឺលោក Arne Slot របស់ក្លិប Feyenoord ក៏ត្រូវបានលើកឡើងជាជម្រើសមួយដែរ ហើយគ្រូបង្វឹសញ្ជាតិហូឡង់រូបនេះ គឺជាគ្រូបង្វឹកដែលក្លិបណាក៏ចង់បានរួចទៅហើយនារដូវក្ដៅកន្លងទៅ។
លោក Hansi Flick ក៏អាចជាមនុស្សម្នាក់ដែលត្រូវមើលឃើញផងដែរ បន្ទាប់ពីគាត់បានបាត់បង់ការងារជាអ្នកគ្រប់គ្រងក្រុមជម្រើសជាតិអាល្លឺម៉ង់នាពេលថ្មីៗនេះ។ លោក Flick បានឈ្នះពានរង្វាន់ Champions League កំឡុងពេលគាត់ដឹកនាំ Bayern Munich ហើយវានឹងមិនគួរឱ្យភ្ញាក់ផ្អើលពេកទេ ប្រសិនបើគាត់ទទួលបានការទុកចិត្តពីក្លឹបធំផ្សេងទៀត ទោះបីជាអ្វីៗមិនដំណើរការជាមួយជម្រើសជាតិអាល្លឺម៉ង់ក៏ដោយ។
ក្រៅពីនេះ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនលោក Marcelo Gallardo និងអតីតគ្រូបង្វឹកក្រុម Wolves និង Real Madrid លោក Julen Lopetegui នាពេលថ្មីៗនេះក៏បានលេចឡើងជាបេក្ខភាពពីររូបថែមទៀត ដែលអាចមកដឹកនាំនៅក្លិបតោខៀវ Chelsea មកជំនួសកៅអីលោក Pochettino ដែលកំពុងឡើងកម្ដៅយ៉ាងខ្លាំងនាពេលនេះ។ ប៉ុន្តែតើអនាគតរបស់លោក Pochettino នឹងត្រូវបណ្ដេញចេញ ឬក៏គ្រូបង្វឹកណាដែលអាចមកជំនួសនោះ មានតែរង់ចាំមើលទាំងអស់គ្នាប៉ុណ្ណោះ៕ ដោយ៖ តារា