Son Heung-min បង្ហាញឈ្មោះអត្តពលិកទាំង៤ ដែលជា ‘ស្ដេចពពែ🐐’ នៅក្នុងពិភពកីឡា

34158
  • Son Heung-min ដែលជាកីឡាករកំពូលរបស់ Tottenham Hotspur បានធ្វើឱ្យពិភពកីឡាមានការភ្ញាក់ផ្អើល ក្រោយជ្រើសរើសអត្តពលិកឆ្នើមទាំងបួនរូបក្នុងប្រវត្តិសាស្ត្រកីឡា។ ចង់ដឹងថាមានកីឡាករណាខ្លះនោះតោះទៅស្គាល់ទាំងអស់គ្នា។
    ប្រធានក្រុមមាន់ខ្នាយមាស Spurs ខ្សែប្រយុទ្ធ Son Heung-min បានបង្ហាញអត្តពលិកល្អបំផុត ឬក៏ជា ‘GOAT’ នៅក្នុងវិស័យកីឡាដោយបាននិយាយថា៖ “អត្តពលិកល្អបំផុតនៅលើពិភពលោកគឺ Michael Jordan, Tom Brady, Messi និង Ronaldo”។
    បើនិយាយពីស្ថាប័ន NFL ដែលជាបាល់ទាត់របស់អាមេរិក ត្រូវបានកាន់កាប់ដោយកំពូលវីរបុរសលោក Tom Brady ។ លោក Brady អាចអួតពីការឈ្នះពានរង្វាន់ Super Bowls ចំនួនប្រាំពីរសម័យកាលនៅក្នុងអាជីពរបស់គាត់។ រួមទាំងការឈ្នះពាន NFL MVP បីសម័យកាល ហើយទើបតែបានប្រកាសចូលនិវត្តន៍ពីអាជីពនៅអាយុ ៤៥ឆ្នាំ ក្រោយចាយពេលលើវិស័យ NFL នេះអស់រយៈពេលជាង ២០ឆ្នាំមក។
    បើនិយាយពីកីឡាបាល់បោះវិញ Son បានជ្រើសរើសយកកំពូលវីរបុរស Michael Jordan ដែលជាកីឡាករល្អបំផុតនៅក្នុងពិភពលោកក្នុងកីឡានេះ បើទោះជា Jordan ចូលនិវត្តន៍ជាង ២០ឆ្នាំហើយក្ដី។ ដោយរំលងកំពូលកីឡាករបាល់បោះ LeBron James នៅក្នុងបញ្ជីកីឡាករល្អបំផុតគ្រប់ពេល ខណៈនេះគ្រាន់តែជាការយល់ឃើញផ្ទាល់ខ្លួនរបស់តារាបាល់ទាត់កូរ៉េខាងត្បូង Son Heung Min ប៉ុណ្ណោះ។
    លោកអ្នកប្រហែលជាចង់ដឹងហើយថានៅក្នុងវិស័យបាល់ទាត់វិញ តើបុរសសង្ហារ Son Heung Min នឹងជ្រើសរើសកីឡាកររូបណាទៅដែលជា ‘GOAT’ នៅក្នុងពិភពបាល់ទាត់នោះ? នៅក្នុងកីឡាផ្សេង Son បានជ្រើសរើសកីឡាករតែម្នាក់ប៉ុណ្ណោះ ប៉ុន្តែនៅក្នុងបាល់ទាត់វិញ កីឡាករអាស៊ីរូបនេះបានធ្វើការជ្រើសរើសយ៉ាងគួរឱ្យភ្ញាក់ផ្អើល ដោយរើសរហូតដល់កីឡាករពីររូបនេះឯណោះ ក្នុងនាមជាស្ដេចពពែរនៅលើវាលស្មៅ។
    កីឡាករល្អបំផុតគ្រប់ពេលវេលាក្នុងពិភពបាល់ទាត់គ្មាននរណាក្រៅពី Lionel Messi និង Cristiano Ronaldo នោះទេ ដែល Son ចាត់ទុកកំពូលខ្សែប្រយុទ្ធទាំងពីរជាកីឡាករល្អបំផុត ក្នុងប្រវត្តិសាស្ត្របាល់ទាត់។ ដោយសារពានរង្វាន់ Ballon d’Or ភាគច្រើន ពោលគឺរហូតដល់ចំនួន ១២ពាន គឺបានទៅតែលើកីឡាករពីររូបនេះគត់ ដោយ Ronaldo ឈ្នះពាន ៥ដង ចំណែកឯ Messi ឈ្នះ ៧ដងម្នាក់ឯង។ Messi និង Ronaldo ក៏មិនត្រឹមតែល្បីល្បាញ និងមានប្រជាប្រិយភាពតែនៅលើទីលានប៉ុណ្ណោះទេ ប៉ុន្តែខាងក្រៅទីលានក៏មានឥទ្ធិពលមិនធម្មតាផងដែរ។
    ដូច្នេះហើយទើបបានជា ខ្សែប្រយុទ្ធជួរមុខរបស់កូរ៉េខាងត្បូង Son Heung Min បានចាត់ទុកកីឡាករល្អបំផុតនៅតាមប្រភេទកីឡាផ្សេងគ្នា គឺរួមមានលោក Michael Jordan ជា ‘GOAT’ នៅកីឡាបាល់បោះ, នៅខាងកីឡាបាល់ទាត់អាមេរិក NFL គឺលោក Tom Brady, ហើយ ‘GOAT’ នៅក្នុងកីឡាករបាល់ទាត់មានពីររូបគឺ Messi និង Ronaldo៕ ដោយ៖ តារា

    ប្រភព :
    khelnow
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី