
ផ្ទះរបស់ Sergio Ramos នៅទីក្រុងសេវីឡាត្រូវបានក្រុមចោរចូលប្លន់ដល់ផ្ទះ ខណៈកូនៗរបស់ខ្សែការពាររូបនេះក៏នៅក្នុងផ្ទះផងដែរ។
យោងតាមសារព័ត៌មាន Mundo Deportivo បានឱ្យដឹងថា ចោរបានចូលប្លន់ដល់ក្នុងផ្ទះរបស់ Sergio Ramos ដោយពួកគេលួចបានរបស់របរជាច្រើនដូចជា នាឡិកាប្រណីត គ្រឿងអលង្ការ និងលុយមួយចំនួនផងដែរ។ ប្រភពបានបញ្ជាក់ថា នៅក្នុងផ្ទះនោះក៏មានមនុស្សផងដែរ ដោយមានកូនទាំងបួននាក់របស់ Ramos និងមេដោះពីរនាក់ទៀត។
ទោះបីជាក្មេងៗ និងមេដោះត្រូវបានគំរាមកំហែងក៏ដោយ ក៏ពួកគេមិនគ្រោះថ្នាក់អ្វីនោះទេ។ ប៉ូលីសនៅតំបន់នោះកំពុងស៊ើបអង្កេតករណីប្លន់នេះ ទោះបីជាមិនទាន់មានការចាប់ខ្លួនណាមួយត្រូវបានធ្វើឡើងក៏ដោយ។ ស្របពេលអំឡុងប្លន់នោះ Ramos កំពុងលេងក្នុងការប្រកួតស្មើ ១-១ របស់ក្លិប Sevilla ទល់នឹង Lens ខណៈប្រពន្ធរបស់ Ramos ដែលជាអ្នកយកព័ត៌មានប្រចាំទូរទស្សន៍នាង Pilar Rubio ក៏កំពុងជាប់ធ្វើការផងដែរ។
សូមជម្រាបជូនផងដែរថា Ramos បានត្រលប់ទៅលេងឱ្យក្លិប Sevilla វិញនៅរដូវក្តៅនេះ ក្រោយចាកចេញអស់រយៈពេល ១៨ឆ្នាំ។ ខ្សែការពារកណ្តាលរូបនេះ បានឈ្នះពានរង្វាន់ Champions Leagues ចំនួន ៤ ដង និង La Liga ចំនួន ៥ ដងក្នុងរយៈពេល ១៦ ឆ្នាំជាមួយក្លិប Real Madrid មុនពេលចាកចេញទៅចូលរួមជាមួយ Paris Saint-Germain ជាកន្លែងដែលគាត់បានឈ្នះពានរង្វាន់ Ligue 1 មួយរដូវកាល ក្រោយវិលត្រឡប់ទៅកាន់ប្រទេសអេស្ប៉ាញវិញ។
គួរឱ្យដឹងផងដែរ ផ្ទះរបស់ Ramos កាលពីនៅទីក្រុងម៉ាឌ្រីដ ក៏ត្រូវបានចោរចូលប្លន់ម្ដងដែរ កាលពីក្នុងឆ្នាំ២០១២ ខណៈពេលនោះ Ramos បងប្រុសរបស់គេ និងភ្នាក់ងាររបស់កីឡាករជើងចាស់រូបនេះ ក៏កំពុងនៅក្នុងផ្ទះផងដែរ នាំឱ្យក្រុមចោរប្លន់ទាំងនោះមិនអាចយកអ្វីបានទាំងអស់ ទៅវិញតែខ្លួនប៉ុណ្ណោះដោយរត់សឹងតែមិនរួចផង៕ ដោយ៖ វិទូ