
វាជារឿងមួយគួរឱ្យភ្ញាក់ផ្អើលជាខ្លាំង ដែលតារាជប៉ុន Takefusa Kubo កំពុងបង្ហាញភាពលេចធ្លោស្ទើរមិនគួរឱ្យជឿនៅរដូវកាលនេះ។
Real Madrid កំពុងជួបបញ្ហាខ្សែប្រយុទ្ធនៅរដូវកាលនេះ ដោយសារតែកីឡាករជួរមុខជាច្រើនដូចជា Asensio, Benzema, Mariano និង Hazard បានចាកចេញពីក្លឹបអស់ទៅហើយ។ ស្របពេលកីឡាករបម្រុងដូចជា Joselu និង Brahim Díaz ក៏កំពុងធ្វើបានល្អ ប៉ុន្តែ Real Madrid ត្រូវការកីឡាករដែលមានគុណភាពច្បាស់លាស់មួយ ខណៈ Takefusa Kubo អាចជាជម្រើសដ៏ស័ក្តិសមបំផុត។
កីឡាករជប៉ុនវ័យក្មេងរូបនេះ គឺជាតារាលេចធ្លោមួយរូបក្នុងការចាប់ផ្តើមលីគនៅរដូវកាលនេះ ដោយក្នុងការបង្ហាញខ្លួនចំនួន ៨ ប្រកួតដំបូង Kubo ស៊ុតបញ្ចូលទីបាន ៥គ្រាប់ និង assist មួយគ្រាប់ផងដែរ ដែលធ្វើឱ្យខ្សែប្រយុទ្ធជប៉ុនរូបនេះ បានក្លាយជាតារាឆ្នើមឈានមុខគេរបស់ក្លិប Real Sociedad។ Kubo នឹងក្លាយជាការបន្ថែមដ៏អស្ចារ្យសម្រាប់ក្រុមស្ដេចស Real Madrid ព្រោះគាត់មិនត្រឹមតែអាចលេងនៅស្លាបស្តាំបានប៉ុណ្ណោះទេ ប៉ុន្តែតារាវ័យក្មេងរូបនេះក៏អាចលេងជាខ្សែបម្រើបានផងដែរ។
គួរឱ្យដឹងផងដែរថា Real Madrid មានសិទ្ធិ ៥០% លើកីឡាករជប៉ុនវ័យ ២២ឆ្នាំរូបនេះ បើទោះបីជាកិច្ចសន្យាមិនមានជម្រើសអនុគ្រោះលើការផ្ទេរ Kubo ក៏ដោយ ដែលមានន័យថា Real Sociedad នឹងមិនចាំបាច់ទទួលយកការផ្តល់ជូនរបស់ពីក្លិប Real Madrid មុនការដេញថ្លៃរបស់ក្លិបផ្សេងទៀតឡើយ។ Real Madrid នឹងត្រូវបញ្ចុះបញ្ចូល Kubo ឱ្យពាក់អាវរបស់ពួកគេម្តងទៀត ឬចរចារជាមួយក្លិប Real Sociedad ដើម្បីធ្វើការផ្លាស់ប្ដូរនេះ។
Takefusa Kubo កំពុងរីករាយនឹងជីវិតនៅក្លិប Real Sociedad ហើយតម្លៃខ្លួនរបស់តារាវ័យក្មេងខាងលើ បានហក់កើនឡើងខ្ពស់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដូច្នេះការចុះហត្ថលេខាកីឡាកជប៉ុនរូបនេះ នឹងមានភាពស្មុគស្មាញសម្រាប់ក្រុមអធិរាជស។ Real Madrid នឹងព្យាយាមលួងលោម Kubo ជាមួយនឹងគម្រោងកីឡារបស់ពួកគេ និងឱកាសស្វែងរកភាពជោគជ័យនៅកម្រិតកំពូល ប៉ុន្តែការសម្រេចចិត្តចុងក្រោយគឺអាស្រ័យទៅលើ Kubo និង Real Sociedad ប៉ុណ្ណោះ៕
ដោយ៖ តារា