
Kevin-Prince Boateng បាននិយាយថាលោក Erik ten Hag គួរតែត្រូវបានបណ្តេញចេញ បន្ទាប់ពីអ្វីដែលគាត់បានធ្វើចំពោះ Cristiano Ronaldo ។
Cristiano Ronaldo បានចាកចេញពីក្លិប Manchester United កាលពីរដូវកាលមុន បន្ទាប់ពីបានផ្តល់បទសម្ភាសន៍ដ៏ចម្រូងចម្រាសមួយ ដែលខ្សែប្រយុទ្ធជើងចាស់រូបនេះ បានរិះគន់ខ្លាំងៗទៅលើទាំងអ្នកចាត់ការលោក Erik ten Hag និងក្រុមប្រឹក្សាភិបាលក្លិបដោយមិនសំចៃមាត់នោះឡើយ។
អ្នកគាំទ្រតារាព័រទុយហ្គាល់ ក៏ដូចជាមជ្ឈដ្ឋានមួយចំនួនមានអារម្មណ៍ថា Ronaldo ទទួលការប្រមាថមើលងាយពីអ្នកចាត់ការសញ្ជាតិហូឡង់ ចំពោះទង្វើរបស់គាត់ដែលធ្វើទៅលើកំពូលខ្សែប្រយុទ្ធរូបនេះ។ ក្រុមបិសាចក្រហមឥឡូវនេះ កំពុងចាប់ផ្តើមរដូវកាលដ៏អាក្រក់បំផុតរបស់ពួកគេ នៅក្នុងការប្រកួតក្របខណ្ឌ Premier League រដូវកាលនេះ។
អតីតកីឡាករ Barcelona ខ្សែប្រយុទ្ធ Kevin-Prince Boateng ដែលលេងឱ្យក្លឹប Hertha Berlin មុនពេលចូលនិវត្តន៍កាលពីរដូវកាលមុននេះ បាននិយាយអំពីស្ថានភាពបច្ចុប្បន្នរបស់ក្លឹបអង់គ្លេស Man Utd ហើយបាននិយាយថាលោក Ten Hag គួរតែត្រូវបានបណ្តេញចេញសម្រាប់ទាំងលទ្ធផលដឹកនាំរបស់គាត់ ជាពិសេសទង្វើមិនល្អរបស់គាត់ចំពោះ Cristiano Ronaldo តែម្ដង។
Boateng បានប្រាប់កម្មវិធី ‘VIBE with FIVE’ ថា៖ “ខ្ញុំគិតថាលោក Ten Hag ត្រូវតែចាកចេញ។ តាមអ្វីដែលខ្ញុំឃើញ វាគ្មានថាមពលទេ។ ខ្ញុំមិនឃើញថាមពលទេ។ ហើយបន្ទាប់មកអ្វីដែលគាត់បានធ្វើចំពោះ Ronaldo និងអ្វីៗទាំងអស់នោះ វាមានរឿងច្រើនពេកហើយ។ មានវិធីដែលអាចឲ្យកីឡាករម្នាក់ចេញ ហើយខ្ញុំគិតថាគាត់បានជ្រើសរើសផ្លូវខុស។ ខ្ញុំគិតថាគាត់មិនស្ថិតក្នុងកម្រិតដើម្បីធ្វើជាគ្រូបង្វឹករបស់ Man United ទេ”។
គួរជម្រាបជូនថា Cristiano Ronaldo បានជួបអាជីពដ៏អាប់អួរបំផុតរបស់ខ្លួននៅក្លិប Man Utd ក្រោយពីគ្រូបង្វឹកលោក Ten Hag មិនប្រើប្រាស់កីឡាកររូបនេះដោយទុកឱ្យអង្គុយនៅកៅអីបម្រុង ទើបបណ្ដាលឱ្យខ្សែប្រយុទ្ធរូបនេះ ចាប់ផ្ដើមមានបញ្ហាជាមួយថ្នាក់ដឹកនាំក្លិប ជាពិសេសគ្រូបង្វឹកផ្ទាល់តែម្ដង។ កត្តាទាំងអស់នេះហើយ ទើបបណ្ដាលឱ្យ Ronaldo និយាយខ្ទេចខ្ទីគ្មានសល់អំពីបញ្ហាផ្ទៃក្នុងនៅក្នុងក្លិប ហើយក្រោយពីផ្ដល់បទសម្ភាសន៍នេះរួចមក ក្លិបក៏សម្រេចបញ្ចប់កុងត្រា Ronaldo តែម្ដង។ ក្រោយពីចាកចេញពីក្លិប Man Utd មក តារាព័រទុយហ្កាល់ខាងលើបានទៅចូលរួមជាមួយក្លិបអារ៉ាប៊ីសាអូឌីត Al-Nassr នៅដើមឆ្នាំ២០២៣នេះ៕
ដោយ៖ វិទូ