
បន្ទាប់ពីផ្លាស់ទៅលេងនៅអារ៉ាប៊ីសាអូឌីតមិនទាន់បានប៉ុន្មានផង ប៉ុន្តែឥលូវនេះ Neymar បានរងរបួសសារជាថ្មីម្ដងទៀតបាត់ទៅហើយ ដោយប្រឈមសម្រាកព្យាបាលរយៈពេលវែង។
ក្រោយពីរងរបួសជាថ្មីម្ដងទៀតជាមួយក្រុមជម្រើសជាតិប្រេស៊ីល ដែលនឹងធ្វើឱ្យរូបគេនៅខាងក្រៅទីលានក្នុងរយៈពេលយូរលើសពីមួយរដូវកាលនេះទៅទៀត ហើយបើគិតទៅឥឡូវនេះ Neymar បានរងរបួសរហូតដល់ចំនួន ១៦ដងក្នុងរយៈ ៧រដូវកាលចុងក្រោយនេះ។ ដែលនេះបានធ្វើឱ្យ Neymar អវត្តមាននៅលើទីលានសរុបចំនួន ៦៤០ថ្ងៃ ហើយចំនួននេះមិនរាប់បញ្ចូលរយៈពេល ដែលរូបគេកំពុងរងរបួសនាពេលថ្មីៗនេះនោះឡើយ។
Neymar ហាក់តែងតែជួបបញ្ហារបួសជើងជាញឹកញាប់ ចាប់តាំងពីរដូវកាល២០១៧ ដែលជាឆ្នាំដំបូងរបស់គាត់ជាមួយក្លិបអ្នកមានបារាំង PSG ។ ការរងរបួសរបស់គាត់បានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៨ នៅពេលដែលខ្សែប្រយុទ្ធរូបនេះរបួសជើងខាងស្តាំ ដែល Neymar ទទួលការវះកាត់ ហើយត្រូវសម្រាករយៈពេល ១០០ថ្ងៃ។
ស្របពេលឆ្នាំបន្ទាប់គឺកាន់តែអាក្រក់សម្រាប់អាជីពកីឡាករប្រេស៊ីលរូបនេះ។ នៅខែមករាឆ្នាំ២០១៩ Neymar បានរងរបួសម្តងទៀតនៅជើងស្តាំរបស់គាត់ ដោយបង្ខំឱ្យសម្រាក ៨៨ថ្ងៃ។ Neymar បានត្រលប់មកវិញនៅចុងខែមេសា ប៉ុន្តែមិនទាន់ដឹងណាណីផងក៏បន្តរបួសជាថ្មីម្ដងទៀត ក្នុងការប្រកួតមិត្តភាពឆ្ពោះទៅកាន់ព្រឹត្តិការណ៍ Copa America ក្នុងខែមិថុនា ដោយពេលនោះត្រូវសម្រាក ៩០ថ្ងៃទៀត។
ក្នុងរដូវកាល២០១៩-២០២០ Neymar បានសម្រាកមួយរយៈខ្លី ដោយអវត្តមានត្រឹមតែ ៤៥ថ្ងៃប៉ុណ្ណោះ បន្ទាប់មករូបគេក៏បានជួបបញ្ហារបួសសរសៃពួរដែលធ្វើឱ្យកីឡាកររូបនេះសម្រាក ៣០ថ្ងៃបន្ថែមទៀត។ ប៉ុន្តែទោះជាយ៉ាងណា Neymar នៅតែអាចបង្ហាញទម្រង់លេងល្អ ហើយបានដើរតួនាទីសំខាន់ក្នុងការជួយ PSG ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champions League ជាលើកដំបូងរបស់ពួកគេនៅអំឡុងពេលនោះ។
ជាមួយគ្នានេះ ៣រដូវកាលចុងក្រោយ Neymar នៅតែបន្តរបួសមិនឈប់មិនឈរ ដោយរងរបួស ៣ដងនៅក្នុងរដូវកាល២០២០-២០២១, ៣លើកទៀតនៅក្នុងរដូវកាល២០២១-២០២២ និងរបួស ៣ដងទៀតនៅក្នុងរដូវកាល២០២២-២០២៣។ ដោយកត្តារងរបួសម្តងហើយម្តងទៀតទាំងនេះ បានធ្វើឱ្យNeymar ហាក់ពិបាកស្វែងរកទម្រង់លេងល្អបំផុតរបស់ខ្លួនយ៉ាងខ្លាំង ទើបបណ្ដាលឱ្យអ្នកគាំទ្រ PSG មិនសប្បាយចិត្តនឹងកីឡាករតម្លៃខ្លួនថ្លៃរូបនេះឡើយ។ ដោយរបួសទាំងចំនួន ៩លើកនោះ ធ្វើឱ្យ Neymar អវត្តមានសរុបចំនួន ៣៥៧ថ្ងៃ។
តែអ្វីកាន់តែអាក្រក់ទៅទៀតនោះ ដោយក្នុងរដូវកាលថ្មីនេះ Neymar បានចាប់ផ្ដើមមិនបានល្អទាស់តែសោះជាមួយក្លិបថ្មីនៅលើទឹកដីអារ៉ាប៊ីសាអូឌីត។ ស្របពេលបង្ហាញខ្លួនជាផ្លូវការបានត្រឹមតែ ៥ប្រកួតប៉ុណ្ណោះ ឥលូវនេះក្លិប Al Hilal បានប្រកាសថា Neymar បានរងរបួសជើង ACL ដែលអាចនឹងត្រូវសម្រាកព្យាបាលរហូតដល់ ៩ខែឯណោះ ពោលគឺពេញមួយរដូវកាលនេះតែម្ដង។ សរុបមក Neymar តាំងពីផ្លាស់ទៅ PSG ក្នុងឆ្នាំ២០១៧មក អតីតខ្សែប្រយុទ្ធក្លិប Barcelona រូបនេះបានរងរបួសរហូតដល់ទៅចំនួន ១៦ដងក្នុងរយៈពេល ៧រដូវកាលចុងក្រោយនេះ៕ ដោយ៖ វិទូ